(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស, លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រីរាជការ សមាជិកាសមាគមនារី និងប្រជាពលរដ្ឋ សរុបជាង១ម៉ឺននាក់ ប្រារព្ធពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរយើង នៅលើបូរីវប្បធម៌កោះសំពៅមាស ដើម្បីឲ្យសាកសម្យជាខេត្ត ដែលទទួលបានរង្វាន់ផ្ការំដួល២ទង និងជាទីក្រុងស្អាតផងដែរ។
ជាមួយនឹងការប្រារព្ធពិធីនេះ គេសង្កេតឃើញមានការពង្រាយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដើម្បីរឹតបណ្តឹង សន្តិសុខ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ ដែលបានមកចូលរួមទស្សនាកម្សាន្ត ប្រកបដោយក្តីសប្បាយរីករាយ។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ពិធីបុណ្យអុំទូក ដែលធ្វើព្រមគ្នាជាមួយនឹងពិធីសំពះព្រះខែ អកអំបុក ជាមរតកវប្បធម៌ដូនតាខ្មែរសុទ្ធសាធ។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធពិធីបុណ្យអុំទូក នៅថ្ងៃទី១៤, ១៥កើត និង១រោជ ខែកក្ដិក។ ព្រះរាជពិធីនេះមានរយៈពេលបីថ្ងៃរួមមានពិធីធំៗទាំងបី គឺពិធីប្រណាំងទូក, បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ជាក់ស្តែងដោយសារតែទឹកឆ្នាំនេះអំណោយផល ទើបយើងបានប្រារព្ធពិធីប្រណាំងទូក នៅរាជធានីភ្នំពេញ ហើយខេត្តយើងក៏មានទូកចំនួន២ផងដែរ ដែលចូលរួមប្រគួតគឺ ទូក(ង) រាំងទិលសារគរសែនមានជ័យ ស្ថិតក្នុងវត្តមុនីសាគរ ហៅវត្តរាំងទិល ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង និងទូក(ង) តេជោកែវវិជ័យបារមីចៅសែន ស្ថិតក្នុងវត្តកែវវិជ័យ ភូមិកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោកបានបញ្ជាក់ផងដែរថា ព្រះរាជពិធីនេះ ធ្វើឡើងដើម្បីបន់ស្រន់សុំសេចក្តីសុខ និងទឹកភ្លៀងតាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរ, អភិរក្សវប្បធម៌ប្រពៃណីយខ្មែរពីដូនតា, បង្ហាញពីភោគផលដំណាំដាំដុះ របស់ប្រជាកសិករ ក្នុងទឹកដីខេត្តពោធិ៍សាត់ និងបង្ហាញពីការរីកចម្រើនលូតលាស់គ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។
ពិធីបុណ្យសំពះព្រះខែ អកអំបុក មានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ ពីព្រោះឥទ្ធិពលនៃព្រះពុទ្ធសាសនា បានចាក់ឫសយ៉ាងជ្រៅ នៅក្នុងដួងចិត្ដ និងព្រលឹងរបស់ពលរដ្ឋខ្មែរ ដែលតែងតែគោរពបូជាដល់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់៕