(ភ្នំពេញ)៖ ជនសង្ស័យ៨នាក់ ក្នុងស្រី៣នាក់ ដែលជាក្រុមលូកហោប៉ៅ និងកាបូប ត្រូវបានកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌឃាត់ខ្លួន នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែ។

ការឃាត់នេះត្រូវបានធ្វើឡើងជាក់ស្ដែងខណៈដែល ក្រុមជនសង្ស័យទាំងនេះ បម្រុងតែនឹងធ្វើសកម្មភាព ក្នុងតំបន់ការពារA3 និងA3-1 នៅម្ដុំព្រះបរមរាជវាំង ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយការណែនាំពីលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ នឹម ចាន់តាណា។

មន្ដ្រីនគរបាលជំនាញ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់បានទាំង៨នាក់នេះរួមមានទី១៖ឈ្មោះ ថុង រតនា អាយុ២០ឆ្នាំ ទី២៖ឈ្មោះ គ្រី ក្រែ អាយុ១៨ឆ្នាំ ទី៣៖ឈ្មោះ កែវ សុជា អាយុ១៦ឆ្នាំ ទី៤៖ឈ្មោះ ពេជ្រ រាជ្យ អាយុ១៩ឆ្នាំ និងទី៥៖ឈ្មោះ រតនា សម្បត្តិ អាយុ៣៤ឆ្នាំ ទី៦៖ឈ្មោះ ជាម ពិសី អាយុ២៧ឆ្នាំ ទី៧៖ឈ្មោះ សាន ស្រីណុច អាយុ២៣ឆ្នាំ និងទី៨៖ឈ្មោះ សី ប៉ិច អាយុ៥៧ឆ្នាំ។

នគរបាលបញ្ជាក់ថា ក្រោយឃាត់ខ្លួនកម្លាំងជំនាញស៊ីវិលដកហូតបាន ទូរស័ព្ទ និងលុយមួយចំនួនផងដែរ ហើយជនសង្ស័យត្រូវបាននាំខ្លួនទៅសួរនាំ ដើម្បីចាត់ការបន្ដតាមច្បាប់៕