(ភ្នំពេញ)៖ បច្ចុប្បន្ន ប្រជាពលរដ្ឋកំពុងមាន ការព្រួយបារម្ភពីសុខភាពរបស់ខ្លួនជាខ្លាំង ដែលបញ្ហាចោទដ៏សំខាន់នេះ បានទាញចំណង់ចំណូលចិត្តរបស់ពួកគាត់ ឲ្យងាកមកទទួលទានផលិតផលធម្មជាតិពិតៗវិញ ជាមួយគ្នានេះ ទឹកល្ពៅធម្មជាតិ ក៏មានសមត្ថភាពខ្ពស់ ក្នុងការជួយថែរក្សាសុខភាព ពិសេសក្នុងឱកាសបុណ្យអុំទូកនេះ លោកអ្នកអាចរកទិញបានពីក្រុមយុវជន «ល្ពៅភូមិយើង»។
លោក ផល្លា សុភក្ត្រ ប្រធានក្រុមយុវជនល្ពៅភូមិយើង បានអះអាងថា «ទឹកល្ពៅធម្មជាតិដ៏ឆ្ងាញ់ពិសារនេះ មានប្រយោជន៍ដល់សុខភាពជាច្រើនមុខ ដូចជាកំចាត់ជាតិខ្លាញ់ក្នុងសរសៃឈាម, ជួយពន្យឺតដំណើរការនៃភាពចាស់ជរា និងការពារជំងឺភ្នែកឡើងបាយ, ទប់ស្កាត់ជំងឺលើសឈាម ប្រឆាំងនឹងជំងឺពុកឆ្អឹង, ប្រឆាំងនឹងជំងឺរលាកសន្លាក់ ទប់ស្កាត់ការកើតមានគ្រួសក្នុងតម្រងនោម, ប្រឆាំងនឹងរោគដំបៅក្រពះ និងអាស៊ីតក្នុងក្រពះ ជាដើម»។
ក្នុងឱកាសប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ អាចរកទិញទឹកល្ពៅធម្មជាតិនេះ បានពីក្រុមយុវជន ដែលមានទីតាំងលក់នៅ «ជាប់របងវត្តលង្ការ ក្បែរវិមានឯករាជ្យ» ដោយក្នុង១ដបចំណាយថវិកាត្រឹមតែ ២,៥០០រៀលប៉ុណ្ណោះ លោកអ្នកនឹងទទួលបានទឹកល្ពៅធម្មជាតិ ជំនួយសុខភាពដ៏ល្អបំផុត។
លោក ផល្លា សុភក្ត្រ បានបន្តថា កាលដែលក្រុមយុវជន របស់លោកបានផ្ដួចផ្ដើមគំនិតកែច្នៃ និងលក់ទឹកល្ពៅធម្មជាតិនេះ ដោយសារលោកឃើញថា កាលពីពេលប៉ុន្មានខែមុន ផ្លែល្ពៅមានការធ្លាក់ថ្លៃយ៉ាងខ្លាំង ហើយនៅសេសសល់ជាច្រើន ដែលបានធ្វើឲ្យប្រជាកសិករ មានការបាក់ទឹកចិត្ត មិនចង់ដាំដំណាំដ៏ល្អមួយនេះតទៅទៀត ព្រោះគ្មានទីផ្សារសម្រាប់លក់ និងលក់បានតម្លៃថោកបំផុត។
ដើម្បីរួមចំណែកជួយស្រោចស្រង់ទីផ្សារផ្លែល្ពៅនេះ លោក ផល្លា សុភក្ត្រ បានកៀរគរយុវជនមួយចំនួន ដើម្បីទិញផ្លែល្ពៅពីប្រជាកសិករ ដែលកំពុងសេសសល់ជាច្រើន និងសុទ្ធសឹងតែជាផ្លែល្អៗនោះ យកមកកែច្នៃទៅជាទឹកល្ពៅធម្មជាតិដ៏ល្អមួយ មានរសជាតិឆ្ងាញ់ពិសា និងគ្មានសារធាតុគីមី សំដៅរួមចំណែកបង្កើត ការងារដល់យុវជនខ្មែរ ក៏ដូចជាដើម្បីចូលរួមលើកស្ទួយ ផលិតផលខ្មែរផងដែរ។
យុវជនវ័យ២៥ឆ្នាំ ដែលពោរពេញទៅដោយគំនិតច្នៃប្រឌិតរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ឲ្យចូលរួមគាំទ្រផលិតផលខ្មែរ ឲ្យកាន់តែច្រើនឡើង សំដៅលើកទឹកចិត្តដល់អ្នកផលិត តាមរយៈការជួយទិញផលិតផលរបស់ពួកគាត់ ទោះតិចក្ដីច្រើនក្ដី ក៏គួរតែរួមចំណែកបន្តិចម្នាក់ ដើម្បីកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេស និងផ្ដល់ប្រាក់ចំណូល បង្កើតការងារដល់យុវជនខ្មែរជាច្រើនទៀត។
លើសពីនេះ លោក ផល្លា សុភក្ត្រ បានបង្ហើបឲ្យដឹងថា ក្រុមយុវជនរបស់លោកនឹងកែច្នៃផ្លែល្ពៅនេះ ទៅជាម្ស៉ៅស្ងួត និងផលិតផលផ្សេងៗទៀត ដើម្បីទាក់ទាញចំណាប់ អារម្មណ៍របស់ប្រជាពលរដ្ឋ ឲ្យងាកមកគាំទ្រផលិតផលធម្មជាតិទាំងនោះ ដោយលោកនឹងខិតខំផលិតឡើង ប្រកបដោយគុណភាពខ្ពស់ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ ហើយលោកបានទទូចហើយទទូចទៀត សូមឲ្យប្រជាពលរដ្ឋជួយគាំទ្រ ស្នាដៃកែច្នៃរបស់កូនខ្មែរ និងជួយទិញយកទៅប្រើប្រាស់ឲ្យបានគ្រប់គ្នា ដើម្បីចូលរួមលើកកម្ពស់ផលិតផលខ្មែរ ដ៏ល្អបំផុតមួយនេះ៕