Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាព លោកជំទាវ ហូ បូរ៉ាលីន ភរិយា ឯកឧត្តម គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត

06-07-2025 18:08

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយឯកឧត្តម គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត

ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោកជំទាវ ហូ បូរ៉ាលីន ត្រូវជាភរិយា ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩៖៥៦នាទីព្រឹក ក្នុងជន្មាយុ ៥៨ឆ្នាំ ដោយរោគាពាធ។

ពិធីនេះរៀបចំឡើងគេហដ្ឋាន ស្ថិតៅផ្លូវលេខ ២បេ-០១៣ បុរីណតប្រិត៌ (១០១៩) ផ្លូវទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងវេលាដ៏សែនក្ដុកក្ដួលបំផុតនេះ លោកជំទាវ ពុំ ចន្ទីនី បាននាំសារចូលរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលមានខ្លឹមសារថា «មរណភាពរបស់ លោកជំទាវ ហូ បូរ៉ាលីន គឺជាការបាត់បង់ឧត្តមភរិយា ម្តាយ ម្តាយក្មេក និងញាតិមិត្តគំរូមួយរូប ជាទីស្រឡាញ់ស្មើជីវិត ដែលប្រកបដោយព្រហ្មវិហារធម៌ ចរិយាធម៌ និងគុណធម៌ដ៏ល្អប្រពៃថ្លៃថ្លា ក្នុងការខិតខំតស៊ូចិញ្ចឹមបីបាច់ថែរក្សាបុត្រធីតា និងក្រុមគ្រួសារ មានអនាគតរុងរឿង។ ការលាចាកលោកនេះរបស់ លោកជំទាវ ក៏ជាការបាត់បង់នូវនូវពុទ្ធសាសនិកជនឆ្នើម ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង លះបង់កម្លាំងកាយ ចិត្ត ធនធាន និងពេលវេលា និងគ្រប់កាលៈទេសៈរួមដំណើរជីវិតជាមួយ ឯកឧត្តម ក្នុងការលើកកម្ពស់វិស័យសុខាភិបាល ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ហូ បូរ៉ាលីន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕