(ភ្នំពេញ)៖ លោកសន ជ័យ តំណាងសម្ព័ន្ធគណនេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកលទ្ធផលបោះឆ្នោត បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ការបង្រ្កាប បាតុកម្មហិង្សា នៅសហរដ្ឋអាមេរិកមិនខុសច្បាប់ និងមិនរំលោភសិទ្ធិមនុស្សឡើយ។
លោកបានបញ្ជាក់បែបនេះថា «បាតុកម្មនៅសហរដ្ឋអាមរិក សឹងតែក្លាយទៅជាកូដកម្មទៅហើយ ដោយសារតែក្រុមបាតុករ បានប្រើហិង្សាឈានដល់ការវាយ បំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ រូបភាពបែបនេះសមត្ថកិច្ចបង្រ្កាបទៅលក្រុមបាតុករ គឺមិនខុសច្បាប់នោះទេ ផ្ទុយទៅវិញ បើគ្រាន់តែជាការហែរក្បួន ហើយគ្មានការបង្កជាហិង្សា សមត្ថកិច្ចបង្រ្កាបទើបខុសច្បាប់។ ក្រោមរូបភាពបែបនេះ សមត្ថកិច្ចមានហេតុផលគ្រប់គ្រាន់ ក្នុងការបង្រ្កាប គឺដើម្បីការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងប្រយោជន៍សាធារណៈ»។
បន្ថែមពីលើនេះលោក សន ជ័យ អះអាងថា ការធ្វើបាតុកម្មនៅអាមេរិក មិនប៉ះពាល់ទៅដល់សិទ្ធិមនុស្សនោះទេ។
លោក សន ជ័យថា បាតុកម្មដោយពួកជ្រួលនិយម គាំទ្របេក្ខភាព លោកស្រី ហ៊ីល ឡារីគ្លីតុន ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។ យ៉ាងណាក៏ដោយលោក សន ជ័យ បានសម្តែងការគាំទ្រ ដល់លទ្ធផលបោះឆ្នោតនៅអាមេរិក គ្មានបញ្ហានោះទេ ចំណែកការបោះឆ្នោតវិញ គឺប្រព្រឹត្តទៅដោយរលូន។
កាលពីថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ បន្ទាប់ពីបោះឆ្នោតរួច សហរដ្ឋអាមេរិកបានប្រកាសថា លោក ដូណាល់ ត្រាំ បេក្ខជនមកពីគណបក្ស សាធារណរដ្ឋ បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក ដែលបានយកឈ្នះលើ លោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យ។ ប៉ុន្តែទោះជាយ៉ាងណាបណ្តាញសារព័ត៌មានល្បីៗ បានសរសេរថា ក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ដែលចាញ់ឆ្នោតពុំបានសុខចិត្តនោះឡើយ ហើយនាំគ្នាធ្វើ បាតុកម្មជាបន្តបន្ទាប់ ឈានដល់ផ្ទុះហឹង្សាវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈតាមដងផ្លូវ។
បាតុកម្មដ៏កក្រើកកំពុងផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិក ខណៈប្រជាជនរាប់ម៉ឺននាក់ដែលជាអ្នកគាំទ្រ លោកស្រី ហ៊ីលឡារី គ្លីនតុន បានដង្ហែរក្បួនដើម្បីធ្វើការតវ៉ា ប្រឆាំងនឹងការជាប់ឆ្នោតជាប្រធានាធិបតីដោយស្របច្បាប់របស់លោក ដូណាល់ ត្រាំ ក្នុងនោះមាននៅតាមបណ្តារដ្ឋធំៗ ជាច្រើនដូចជា New York, Miami, Florida, Iowa, Texas, Georgia, Connecticut, Orlando, Illinios, Massachusetts, North Carolina, Tennessee, Ohio, Colorado, និង Nebraska។
គណបក្សចាញ់ឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងកំពូលគោរពសិទ្ធិមនុស្សលើលោក កំពុងផ្ទុះបាតុកម្មដ៏កក្រើក ទូទាំងប្រទេស ប្រឆាំងនឹងលទ្ធផលឆ្នោត ខណៈបាតុកររាប់ម៉ឺននាក់ត្រូវបានប៉ូលិសបង្ក្រាបយ៉ាងព្រៃផ្សៃ និងចាប់ខ្លួនខ្ទង់រយនាក់៕