(ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមាន ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ជាប្រធាន បានធ្វើសកម្មភាពផ្សព្វផ្សាយគ្របដណ្តប់គ្រប់រាជធានីខេត្តទាំងអស់ តាមរយៈការចងបដាពាក្យស្លោក ការផ្ញើសារអប់រំតាមរយៈពិធីករ ពិធីការនី សិល្បករ សិល្បការិនី កម្មវិធីប្រគុំតន្រ្តីរបស់បណ្តាក្រុមហ៊ុន វិទ្យុ និងទូរទស្សន័ទាំងអស់ នៅថ្នាក់ជាតិរាជធានីភ្នំពេញ។
ក្នុងការផ្សព្វផ្សាយនេះ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយអង្គការ សមាគមជាដៃគូកាកបាទក្រហម ធ្វើសកម្មភាពផ្សព្វផ្សាយ តាមរយៈចែកខិត្តបណ្ណពីបញ្ហាគ្រឿងញៀន ដល់សាធារណជន។
លោក លឹម តុងហួត អនុប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា «ឆ្នាំនេះគឺមានការបង្កើនសកម្មភាពផ្សព្វផ្សាយគ្រប់មធ្យោបាយទាំងអស់ ដើម្បីឲ្យប្រជាពលរដ្ឋយើងបានដឹងបន្ថែម ពីបញ្ហាគ្រឿងញៀនដើម្បីគាត់ងាយស្រួលចៀសវាង និងធ្វើការផ្សាយបន្តទៅអ្នកដែលខ្លួនស្រលាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺបណ្តាខេត្តដែលគ្មានការប្រគំតន្រ្តីទេ យើងធ្វើការផ្សព្វផ្សាយតាមរយៈការចបដាពាក្យស្លោក បណ្តារាជធានី-ខេត្ត ដែលមានការប្រគំតន្រ្តី និងប្រណាំងទូក និងសកម្មភាពផ្សព្វផ្សាយតាមការចងបដាពាក្យស្លោក ផ្ញើសារអប់រំតាមរយៈពិធីករ ពិធីការនី សិល្បករ សិល្បការិនី ប្រគំតន្ត្រី និងអត្ថាធិប្បាយការប្រណាំងទូកង ទូកចែវ»។
ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើការចែកខិត្តបណ្ណ័អប់រំផ្ទាល់ទៅប្រជាពលរដ្ឋផ្ទាល់តែម្តង នៅគោលដៅតាមបណ្តាសួនច្បារនានា តាមបណ្តោយទន្លេសាប-ចតុមុខត្រើយលិច-កើត មុខព្រះបរមរាជវាំង និងបានផលិតបទយកការណ៍ ផ្តល់បទសម្ភាសជូនបណ្តាញសារព័តមាននានា។ រីឯពាក្យស្លោកបានបញ្ជាក់ថា «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន»៕