(​វ៉ាស៊ីនតោន)៖ ការស្ទង់ថ្មីមួយរបស់កាសែត Washington Post និងស្ថានីយ៍ទូរទស្សន៍ ABC News បានបង្ហាញថាប្រជាជនអាមេរិកប្រមាណជា ៣/៤ ឬស្នើនឹង ៧៤ភាគរយបានចាត់ទុកថា លទ្ធផលបោះឆ្នោតប្រធានាធិបតីដែលប្រព្រឹត្តិទៅ​ កាលពីសប្ដាហ៍មុនគឺស្របច្បាប់ ពោលគឺមានន័យថា ពួកគេទទួលយកលោក ដូណាល់ ត្រាំ ជាប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការស្ទង់មតិត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីថ្ងៃបោះឆ្នោត ខណៈបាតុកម្មតវ៉ាប្រឆាំងនឹងលោកត្រាំ បាន និងកំពុងធ្វើឡើងនៅតាមបណ្ដាទីក្រុងសំខាន់ៗ នៅក្នុងសហរដ្ឋអាមេរិក។ ជាមួយគ្នានោះដែរកាសែត Washington Post និងស្ថានីយ៍ទូរទស្សន៍ ABC News បានបញ្ជាក់ដូចគ្នាថា នៅថ្ងៃបោះឆ្នោត ថ្ងៃទី០៨ ខែវិច្ឆិកា ស្ថាប័នទំាងពីរបានធ្វើការស្ទង់មតិស្ដីពីឆន្ទៈរបស់ប្រជាជនអាមេរិក លើការទទួលស្គាល់ភាពស្របច្បាប់នៃលទ្ធផលបោះឆ្នោត ដោយជាលទ្ធផលប្រជាជនអាមេរិក ៧៤ភាគរយ ដែលត្រូវបានសាកសួរបាននិយាយថា ពួកគេទទួលស្គាល់លទ្ធផលបោះឆ្នោត។

ក៏ប៉ុន្តែ បើតាមការសម្ភាសន៍ជាមួយអ្នកគាំទ្រលោកស្រី គ្លីនតុន ដែលជាជនជាតិអាមេរិកស្បែកខ្មៅ ឬមិនមែនស្បែកខ្មៅ ឬក៏មានដើមកំណើតអេស្ប៉ាញជាង ៥១ភាគរយអះអាងថា លទ្ធផលបោះឆ្នោត គឺមិនស្របច្បាប់។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលថ្មីរបស់លោក នឹងត្រូវតែងតំាងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧៕