(ភ្នំពេញ)៖ លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ​ តំណាងលោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូទៅ​ចូលរួម​ក្នុង​សន្និសីទអន្តរជាតិលើកទី៣ ស្តីពីការយល់ដឹង និងការគ្រប់គ្រងសារធាតុអាបេស្តូស (Asbestos) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងអាដេឡែត ប្រទេសអូស្ត្រាលី ដើម្បីជាការឆ្លើយតប នឹងលោកស្រី Michaelia Cash សមាជិកព្រឹទ្ធសភា និងជារដ្ឋមន្រ្តីទទួលបន្ទុកវិស័យការងារ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជារដ្ឋមន្រ្តីទទួលបន្ទុក ជាជំនួយការនាយករដ្ឋមន្រ្តី ផ្នែកសេវាសាធារណៈ នៃប្រទេសអូស្រ្តាលី។ 

ថ្លែងបទអន្តរាគមន៍ក្នុងសន្និសីទនេះ លោក ហ៊ុយ ហានសុង បានលើកឡើងថា សារធាតុអាបេស្តូសនៅតែត្រូវបាន គេប្រើប្រាស់ក្នុង វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ដូចជាវិស្វកម្ម និងវាយនភណ្ឌ។ តាមរយៈ ព័ត៌មានពីនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា​សាធាតុអាបេស្តូស ត្រូវបានគេកំពុងប្រើប្រាស់ នៅតាមទីកន្លែងសំណង់ និងហ្វ្រាំងរថយន្ត។

លោកបន្ដថា បញ្ហាសុខភាពដែលបង្កឡើង ដោយសារធាតុអាបេស្តូស រួមមានជំងឺមហារីកសួត មហារីកស្រោមសួត និងជំងឺរលាកសួត ហើយភាគច្រើនប៉ះពាល់ទៅលើកម្មករផ្នែកសំណង់ ហើយតាមរយៈ ការសិក្សាស្រាវជ្រាវពាក់ព័ន្ធ នឹងសុខភាព និងសុវត្ថិភាពការងារ កន្លងទៅថ្មីៗនេះ បានបង្ហាញថា មានអ្នកជំងឺមហារីកសួត ចំនួន៣០០នាក់ បានទទួលការព្យាបាល នៅមន្ទីរពេទ្យរុស្សី ក្នុងឆ្នាំ២០១៤។ ប្រភេទនៃជំងឺមហារីកសួត ពិបាកកំណត់ឲ្យបានច្បាស់លាស់ ដោយសារតែកម្ពុជា ខ្វះខាតធនធានក្នុងការប្រមូលព័ត៌មានពីសារធាតុអាបេស្តូស និងវិភាគអ្នក ជំងឺមហារីក ព្រមទាំងព្យាបាលពួកគាត់។

បើតាមលោក ហ៊ុយ ហានសុង ប្រជាជន កម្ពុជានៅតាមទីជនបទ បានត្រង់ទឹកភ្លៀងដែលហូរមកពីដំបូលប្រក់ហ្វីប្រូស៊ីម៉ងត៍ ដែលបានផ្ទុក សារធាតុអាបេស្តូស ដែលអាចទទួល ហានិភ័យដូចជាបញ្ហាក្រលៀន និងជំងឺមហារីក ហើយជាវិធានការណ៍ទប់ស្កាត់ដល់បញ្ហា ដ៏គ្រោះថ្នាក់នេះ រាជរដ្ឋាភិបាលកម្ពុជា បាន​បេ្តជ្ញាបន្តការសិក្សាស្រាវជ្រាវ ក្នុងការទប់ស្កាត់ ផលប៉ះពាល់ដែលបណ្តាលមកពីការ ប្រើប្រាស់សារ ធាតុអាបេស្តូស ដោយស្នើសុំឲ្យមានការចូលរួមពី ទីភ្នាក់ងាររដ្ឋាភិបាលប្រទេសនានា ដៃគូរសង្គម សហជីព និយោជក អង្គការក្រៅរដ្ឋាភិបាល និងអ្នកជំនាញឯកទេស ដើម្បីបន្តជួយកម្ពុជាក្នុងការរៀបចំឲ្យបាននូវឯកសារស្តីពីសារធាតុ អាបេស្តូស សម្រាប់កម្ពុជា។

សូមបញ្ជាក់ថា សន្និសីទនេះ មានការចូលរួមពីអ្នកជំនាញឯកទេស ដ៏ល្បីៗទាំងនៅក្នុងប្រទេសអូស្រ្តាលី និងអន្តរជាតិ ក្នុងការគ្រប់គ្រងសារធាតុអាបេ​ស្តូស សុខភាព ការតស៊ូមតិ និងអភិបាលកិច្ច ប្រមាណជាង​៣០០​នាក់ ដើម្បីពិនិត្យមើលនូវការ អនុវត្តល្អក្នុងការគ្រប់ គ្រងគ្រោះ ថ្នាក់ពីសារធាតុអាបេស្តូស។ អង្គការសុខភាព ពិភពលោក បានលើកឡើងពីប្រទេសអូស្រ្តាលីដែលអាចដើរតួនាទីដ៏មាន ឥទ្ធិពលមួយក្នុងការកាត់បន្ថយ ទៅការពឹងផ្អែកក្នុងការប្រើប្រាស់សារធាតុអាបេស្តូស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តោតជា សំខាន់នៅកម្ពុជា សម្រាប់ឆ្នាំនេះ។

ប្រធានបទសំខាន់នៅក្នុងសន្និសីទនេះរួមមាន៖

​-បច្ចុប្បន្នភាពជាអន្តរជាតិ និងវិធីសាស្រ្តដើម្បីគ្រប់គ្រងសារធាតុអាបេស្តូស
​-ការស្រាវជ្រាវ និងការអនុវត្តក្នុងការកំណត់អត្តសញ្ញាណ និងការកំណត់កម្រិតអាបេស្តូស
​-បច្ចុប្បន្នភាពស្តីពីការស្រាវជ្រាវចុងក្រោយទៅលើការព្យាបាលជំងឺដែលពាក់ព័ន្ធ សារធាតុអាបេស្តូស
​-ការបង្ហាញពីផលប៉ះពាល់ទៅលើសង្គម និងសេដ្ឋកិច្ចនៃជំងឺបណ្តាលមក ពីសារធាតុអាបេ​ស្តូស
​-ការឆ្ពោះទៅការហាមប្រាមផលិត ផលអាបេស្តូស និងការប្រើប្រាស់ជាសកល
​-ការស្រាវជា្រវសារធាតុអាបេ​ស្តូស
​-បញ្ហាប្រឈម និងការឆ្លើយតបចំពោះការចោល និងការគរទុកសារធាតុអាបេស្តូស៕