(ភ្នំពេញ)៖ លោក សុខ ឈុនអឿន តំណាងសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ឋកម្ពុជា (CIWA) នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចាត់ទុកការបង្រ្កាប បាតុករដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ នៅសហរដ្ឋអាមេរិក ជារឿងត្រឹមត្រូវ។
លោក សុខ ឈុនអឿន បានប្រាប់អង្គភាព Fresh News ឱ្យដឹងថា លោកគាំទ្រដល់ការបង្រ្កាបបាតុកម្មទាំងឡាយណា ដែលបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តសាធារណៈ ប៉ុន្តែលោកយល់ថា ការបង្រ្កាបត្រូវតែធ្វើឡើងក្នុងកម្រិតមួយដែលសមស្រប។
ទន្ទឹមនឹងការប្រកាសជំហររបស់ លោក សុខ ឈុនអឿន នៅកម្ពុជាមានអង្គការសង្គមស៊ីវិលនៅកម្ពុជាមួយចំនួន បាននឹងកំពុងឃ្លាំមើលស្ថានភាពបាតុកម្ម នៅអាមេរិកពេលនេះ។ មានស្ថាប័នខ្លះបានគាំទ្រដល់ការបង្រ្កាបបាតុកម្មនៅសហរដ្ឋអាមេរិក ហើយចាត់ទុកថា ជារឿងត្រឹមត្រូវ ព្រោះបាតុកម្មមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងស្ថាប័នខ្លះទៀតបានលើកឡើងថា ករណីនេះមិនមានការរំលោភសិទ្ធិមនុស្ស។
សូមរំលឹកថា ប្រធានសមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា លោក ឃុន រ៉ានី បានប្រាប់អង្គភាព Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា លោកសូមសម្តែងការគាំទ្រចំពោះលទ្ធផលបោះឆ្នោតសហរដ្ឋអាមេរិក និងគាំទ្រដល់ជ័យជំនះរបស់គណបក្សសាធារណរដ្ឋ ប៉ុន្តែលោកសុំមិនធ្វើការអត្ថាធិប្បាយ ចំពោះបាតុកម្មផ្ទុះហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណ និងការបង្រ្កាបបាតុករនៅសហរដ្ឋអាមេរិក។
ប្រធានសមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា រូបនោះបានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងបន្ថែមថា មូលហេតុដែលលោកមិនអាចបញ្ចេញយោបល់ លើបញ្ហាបាតុកម្មនៅសហរដ្ឋអាមេរិក ដោយសារលោកមិនបានតាមដានរឿងនេះឲ្យបានច្បាស់។
ជុំិវញបញ្ហាបាតុកម្មផ្ទុះហិង្សាជាច្រើនរដ្ឋនៅសហរដ្ឋអាមេរិក ដែលបាននឹងកំពុងកើតឡើងនៅពេលនេះ, ក៏ត្រូវបានលោក សំ ច័ន្ទគា អ្នកនាំពាក្យអង្គការអាដហុក សុំបដិសេធមិនធ្វើអត្ថាធិប្បាយផងដែរ ជុំវិញសភាពការណ៍នេះ ខណៈដែលមានបាតុកម្មផ្ទុះហិង្សាតវ៉ាប្រឆាំងនឹងលទ្ធផលឆ្នោត និងមានការបង្រ្កាប ព្រមទាំងចាប់ខ្លួនបាតុករ ដែលកំពុងផ្ទុះធ្វើបាតុកម្មស្ទើរទូទាំងប្រទេស។
ជួបសម្ភាសតាមទូរស័ព្ទជាមួយអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក សំ ច័ន្ទគា មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ និងជាអ្នកនាំពាក្យរបស់សមាគមសិទ្ធិមនុស្សអាដហុក នៅកម្ពុជា បានស្នើសុំមិនធ្វើអត្ថាធិប្បាយជុំវិញស្ថានភាពនៅសហរដ្ឋអាមេរិក ហើយលោកបានជំរុញឱ្យ អង្គភាពព័ត៌មាន Fresh News ទំនាក់ទំនងទៅកាន់ប្រធានអង្គការដោយផ្ទាល់តែម្តង ដើម្បីសួរនាំរឿងនេះ។
ទោះជាយ៉ាងណាក្តី Fresh News មិនអាចទំនាក់ទំនងទៅ លោក ធន សារ៉ាយ ប្រធានអង្គការអាដហុកបាននៅឡើយទេ ខណៈដែលសហការីរបស់គាត់បានប្រាប់ថា លោកទៅបំពេញបេសកកម្ម នៅក្រៅប្រទេសជាច្រើនថ្ងៃមកហើយ មិនទាន់ត្រឡប់មកវិញនៅឡើយ។
អង្គការសង្គមស៊ីវិលនៅកម្ពុជាមួយចំនួន ដែលបាននឹងកំពុងឃ្លាំមើលស្ថានភាពបាតុកម្ម នៅអាមេរិកពេលនេះ មានស្ថាប័នខ្លះបានគាំទ្រដល់ការបង្រ្កាបបាតុកម្ម នៅសហរដ្ឋអាមេរិក ហើយចាត់ទុកថា ជារឿងត្រឹមត្រូវព្រោះជាបាតុកម្មដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងស្ថាប័នខ្លះទៀតបានលើកឡើងថា ករណីនេះមិនមានការរំលោភសិទ្ធិមនុស្ស និងខ្លះទៀតសុំមិនធ្វើអត្ថាធិប្បាយនោះទេ។
សូមជំរាបថា ប៉ូលិសទីក្រុង Portland នៃរដ្ឋអូរ៉េហ្គន សហរដ្ឋអាមេរិកបានស្នើឲ្យសាធារណជនជួយកំណត់ អត្តសញ្ញាណជនសង្ស័យមួយចំនួន ដែលបានចូលអុកឡុកស្ថានការណ៍ និងវាយប្រហារទៅលើ ក្រុមបាតុករប្រឆាំងលោក ដូណាល់ ត្រាំ ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើផ្អែកតាមការផ្សាយរបស់សារព័ត៌មានអន្តរជាតិសំខាន់ៗ លើពិភពលោកនៅយប់ និងព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា កម្លាំងប៉ូលីសរបស់សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការបង្ក្រាបបាញ់គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងបាតុកររាប់ពាន់នាក់ ដែលប្រឆាំងនឹងលទ្ធផលបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិកដែលបានបញ្ចប់ទៅកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ។ គណបក្សចាញ់ឆ្នោត របស់លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលតាំងខ្លួនជា បិតាប្រជាធិបតេយ្យ និងកំពូលគោរពសិទ្ធិមនុស្សលើលោក កំពុងផ្ទុះបាតុកម្មដ៏កក្រើកទូទាំងប្រទេស ប្រឆាំងនឹងលទ្ធផលឆ្នោត។ ក្រុមបាតុករត្រូវបានប៉ូលីសប្រើអាវុធ បំផ្ទុះ, បាញ់គ្រាប់បែកផ្សែង និងចាប់ខ្លួនសរុបជាង៣៥០នាក់ និងបាញ់របួសធ្ងន់ម្នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ៕
សូមទស្សនារូបភាពពីសកម្មភាពប្រើហិង្សាសាហាវៗរបស់ក្រុមបាតុករ៖
https://scontent-hkg3-1.xx.fbcdn.net/v/t1.0-9/15085696_638058419699286_47186438436408303_n.png?oh=16432f0ebe0b415f70414f7962675b03&oe=588D3F62