(ភ្នំពេញ)៖ ស្របពេលដែលក្រសួង អប់រំ យុវជន និងកីឡា កំពុងតែយកចិត្តទុកដាក់លើការបណ្តុះបណ្តាលយុវជនជំនាន់ ក្រោយតាមបែបវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ក្នុងពេលថ្មីៗនេះ បានបំពាក់កុំព្យូទ័រថ្មីស្រឡាងជាង២០០គ្រឿង សៀវភៅសិក្សាស្រាវជ្រាវជាភាសាជាតិ ភាសាអន្តរជាតិជាង៥,០០០ក្បាល បន្ថែមទៀត ដើម្បីបម្រើឲ្យការបង្រៀន ការរៀន ការស្រាវជ្រាវរបស់សាស្រ្តាចារ្យ និងនិស្សិត។

បន្ថែមពីនេះ សាកលវិទ្យាល័យ ក៏បានបំពាក់ម៉ាស៊ីនត្រជាក់បន្ថែម នៅសាលសន្និសីទ សាលអាន បណ្ណាល័យ ក្លឹបសិក្សា ក្លឹបស្រាវជ្រាវ បំពាក់LCD Projectors តាមបន្ទប់សិក្សាដើម្បីឆ្លើយតប ទៅនឹងតម្រូវការប្រើប្រាស់ របស់សាស្រ្តាចារ្យ និងនិស្សិត។

ក្នុងបវេសនកាលឆ្នាំថ្មីនេះ ក្នុងគោលដៅបណ្តុះបណ្តាលនិស្សិតឲ្យទទួលបានគុណភាព សមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណសម្បត្តិល្អ CUS បានពង្រឹងជំនាញគំាទ្រដល់ការសិក្សាវគ្គវែងចំនួនពីរបន្ថែមទៀតគឺ ភាសាអង់គ្លេស និងកុំព្យូទ័រ ដោយបានកំណត់ពាក្យស្លោកថា «និស្សិតដែលសិក្សានៅ CUS គ្រប់ជំនាញត្រូវតែចេះបន្ថែម នូវកុំព្យូទ័រ និងភាសាអង់គ្លេស» ដោយបានបង្កើតកម្មវិធីសិក្សាបន្ថែមលើភាសាអង់គ្លេស និងកុំព្យូទ័រ នៅគ្រប់វេនសិក្សា បង្កើតក្លឹបភាសាអង់គ្លេស ក្លឹបកុំព្យូទ័រ សម្រាប់និស្សិតហ្វឹកហាត់ជាប្រចាំ បង្កើតការិយាល័យ ជួយរកការងារដល់និស្សិត ដែលមានសមត្ថភាពតែខ្វះលទ្ធភាព តាមរយៈការចុះអនុស្សរណៈយោគយល់ (MoU) ជាមួយក្រុមហ៊ុន អង្គការជាតិ និងអន្តរជាតិ មានចំនួនជាង៥០០រួចមកហើយ សម្រាប់និស្សិតរកការងារធ្វើពេលដែលបញ្ចប់ការសិក្សា ឬសិក្សាបណ្តើរ ធ្វើការងារបណ្តើរ។

លោក ស្តើង សុខុម សាកលវិទ្យាធិការ បានលើកឡើង អំពីការប្រើប្រាស់កុំព្យូទ័រ និងអត្ថប្រយោជន៍ នៃការបង្រៀននិស្សិតគ្រប់ឯកទេស នៅមហាវិទ្យាល័យតាមរយៈការប្រើប្រាស់LCD Projectors ជាជំនួយកាន់តែធ្វើឲ្យសកម្មភាពបង្រៀន រស់រវើក ព្រោះសម័យនេះសាស្រ្តាចារ្យអាចឆ្នៃមេរៀន ដែលបង្រៀននោះដោយភ្ជាប់ ទៅនឹងទិដ្ឋភាពជាក់ស្តែង ឧទាហរណ៍ ការបង្រៀនមេរៀន គ្រឹះស្ថានហិរញ្ញវត្ថុ មួយសាស្រ្តាចារ្យអាចបញ្ចូលរូបថត ឬវីដេអូ អំពីសកម្មភាពទីផ្សារហិរញ្ញវត្ថុ សកម្មភាពផ្សារភាគហ៊ុន ទិន្នន័យផ្សារហ៊ុន អត្រាប្តូរប្រាក់ ឬឯកសារផ្សេងៗទៀត ដែលទាក់ទងខ្លឹមសារមេរៀនដើម្បីបង្ហាញ ដល់និស្សិតឲ្យមើលឃើញសកម្មភាពនេះពិតៗ។ លោក សាកលវិទ្យាធិការ បន្ថែមថា​ ការបង្រៀន គ្រប់មុខវិជ្ជាឯកទេស គ្រប់មេរៀនទាំងអស់ សាស្រ្តាចារ្យសុទ្ធតែអាចរករូបភាព ឬសកម្មភាពជាក់ស្តែងមកបង្ហាញនិស្សិត ដើម្បីឲ្យនិស្សិតផ្សាភ្ជាប់រវាងលំនឹកគិតរូបីយ ទៅលំនឹកគិតអរូបីយ៍ សកម្មភាពទាំងនេះ សាស្រ្តាចារ្យអាចរក បានជាមួយនឹងបរិស្ថានជុំវិញខ្លួន ក្នុងគេហទំព័រ កាសែត ទស្សនាវដី្ត ភាពយន្ត ជាដើម។

សូមជំរាបថា បច្ចុប្បន្ននេះ CUS មានទីតាំង និងសាខាចំនួន៨ នៅរាជធានីភ្នំពេញ និងនៅបណ្តាខេត្ត មាននិស្សិតបានបញ្ចប់ការសិក្សារួចហើយចំនួន ២៦,០១៨នាក់ និងនិស្សិតកំពុងសិក្សាប្រមាណ១៧,០០០នាក់ ដោយទទួលបានអត្រាកំណើននិស្សិតចុះឈ្មោះថ្មីជិត៣០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។ និស្សិតបញ្ចប់ការសិក្សា មានការងារធ្វើជាង៩០ភាគរយ និងនិស្សិតកំពុងសិក្សា មានការងារធ្វើរហូតដល់៦៤,២៣ភាគរយ៕