(ភ្នំពេញ)៖ កាលពីពេលថ្មីៗកន្លងទៅនេះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ដែលដឹកនាំដោយ លោក ស្ដើង សុខុម សាកលវិទ្យាធិការ បានចូលរួមវេទិការថ្នាក់ដឹកនាំសាកលវិទ្យាល័យតំបន់អាស៊ី (Asia University Presidents’ Forum ,AUPF) នៅទីក្រុងតូក្យូប្រទេសជប៉ុនក្រោមប្រធានបទ «ការតភ្ជាប់ពិពិធកម្មឧត្តមសិក្សាសកលទ្វីបអាស៊ី (Bridging Global Diversity in Higher Education in Asia)»។
វេទិកាប្រចាំឆ្នាំលើកទី១៥នេះ ធ្វើឡើងដោយមានការចូលរួមពីសាកលវិទ្យាល័យធំៗ ក្នុងទ្វីបអាស៊ី ជាង៤០មកពី កម្ពុជា ជប៉ុន បង់ក្លាដែស ចិន ឥណ្ឌូណេស៊ី អ៊ីស្រាអែល កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន ប៉ូឡូញ តៃវ៉ាន់ និងថៃ ដែលមានសាកលវិទ្យាល័យ អាស៊ីប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះទទួលរៀបចំ។
ប្រតិភូ និងវាគ្មិននានា បានធ្វើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នា លើប្រធានបទរណបសំខាន់ៗមួយចំនួនមានជាអាទិ៍៖ ការតភ្ជាប់សាកលវិទ្យាល័យទ្វីបអាស៊ីទៅកាន់ពិភពលោក គម្រូសហប្រតិបត្តិការស្រាវជ្រាវឧត្តមសិក្សា, ការស្វែងរកកិច្ចសហប្រតិបត្តិការអន្តរជាតិ, ការអភិវឌ្ឍជាមួយគ្នាតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ គុណភាពបង្រៀន និងរៀននៅឧត្តមសិក្សា, អន្តរជាតិនីយកម្មតាមរយៈការផ្លាស់ប្តូរនិស្សិត, ការតភ្ជាប់ពិពិធកម្មសកលក្នុងការបណ្តុះបណ្តាលបច្ចេកវិទ្យា និងវិស្វកម្មជាដើម។
ជាលទ្ធផលប្រតិភូទទួលបានថ្លែផ្កាពីអង្គវេទិការតាមរយៈការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ជារួម និងដោយឡែកជាមួយប្រតិភូ ពីបណ្តាសាកលវិទ្យាល័យដៃគូទាំងនោះ និងបានចុះអនុស្សរណៈយោគយល់សហប្រតិបត្តិការ ជាមួយដៃគូថ្មីចំនួន៣បន្ថែមទៀតផងដែរ ដែលមកដល់ពេលនេះធ្វើឲ្យដៃគូអន្តរជាតិ ដែលបានចុះអនុស្សរណៈយោគយល់សហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) បានកើនឡើងដល់ជាង៤០។ ទន្ទឹមនេះដៃគូ CUS ដែលជាក្រុមហ៊ុន អង្គការជាតិ និងអន្តរជាតិ ក៏មានចំនួនជាង៥០០រួចមកហើយផងដែរ។
ប្រតិភូសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS បានធ្វើការសង្កេតកត់សម្គាល់បទពិសោធន៍ជាលក្ខណៈផ្ទាល់ខ្លួន ពីឥរិយាបថល្អ របស់ជនជាតិជប៉ុនសំខាន់ៗ ដូចជា ឧស្សាហ៍ព្យាយាម សកម្មការងារ និយាយតិចធ្វើច្រើន ប្រកាន់វិន័យខ្ពស់ មានការសន្សំសំចៃ និងឆ្នៃប្រឌិតខ្ជាប់ខ្ជួន ព្យាយាមជាក់លាក់ អំណត់អត់ធន់ មានការជឿជាក់លើ វិទ្យាសាស្រ្ត បច្ចេកវិទ្យា មានស្មារតីសាមគ្គីចូលរួមជាមួយគ្នា និងមានមហិច្ឆិតាការងារខ្ពស់។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ CUS មានទីតាំង និងសាខាចំនួន៨នៅរាជធានីភ្នំពេញ និងនៅបណ្តាខេត្ត មាននិស្សិតបានបញ្ចប់ការសិក្សារួចហើយចំនួន ២,៦០១៨នាក់ និងនិស្សិតកំពុងសិក្សាប្រមាណ១៧,០០០នាក់ ដោយទទួលបានអត្រាកំណើន និស្សិតចុះឈ្មោះថ្មីជិត៣០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥៕