Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចសហប្រតិបត្តិការរវាងមេធាវីកម្ពុជា-ចិន នឹងរួមចំណែកទាក់ទាញវិនិយោគិនចិនមកកម្ពុជា

03-07-2025 18:42

(ភ្នំពេញ)៖ អ្នកជំនាញច្បាប់ បានលើកឡើងថាកិច្ចសហប្រតិបត្តិការរវាងមេធាវីកម្ពុជា និងមេធាវីចិន នឹងរួមចំណែក ដល់ការផ្តល់សេវាកម្មច្បាប់នៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ជាពិសេសដល់វិនិយោគគិន និងធុរជន ដែលជាផ្នែកមួយនៃការទាក់ទាញវិនិយោគិនចិនមកបណ្តាក់ទុននៅកម្ពុជា។

ថ្លែងក្នុងកម្មវិធីសម្ពោធក្រុមហ៊ុនមេធាវី ម៉ាហ្សូ ថៃហាង ខេមបូឌា នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១៣ និងទី១៤ មានប្រសាសន៍ថា គឺជារឿងល្អ ដែលក្រុមហ៊ុនមេធាវីខ្មែរ មានកិច្ចសហប្រតិបត្តិការជាមួយការិល័យមេធាវីបរទេស តែយ៉ាងណាលោកក៏ចង់ឱ្យមានការកំណត់ឱ្យបានច្បាស់លាស់ពីតួនាទី នៃភាគីនីមួយៗ ជាពិសេសការអនុលោមជាមួយច្បាប់ និងគណៈមេធាវីកម្ពុជា។

លោកបានលើកឡើងថា «ជាមួយធម្មតាកិច្ចសហការ ការរួមគ្នាចាប់ពីពីរនាក់ឡើងទៅ ភាគច្រើនយើងគិតថាវាបានល្អ ជាផលប្រយោជន៍នៅពេលដែលកិច្ចសហការយើងវាល្អត្រឹមត្រូវ»។

លោកបានឱ្យដឹងដែរថា កន្លងមកលោកក៏ធ្លាប់បានទៅផ្សព្វផ្សាយពីមេធាវីកម្ពុជា នៅប្រទេសចិន ដែលតាមរយៈនេះ ក៏មានក្រុមហ៊ុនមេធាវី និងមេធាវីចិន បានមកធ្វើកិច្ចសហការជាមួយមេធាវីកម្ពុជាផងដែរ។ បើទោះបីជាក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មការដឹកនាំការកែទម្រង់ ខំប្រឹងប្រែងកែទម្រង់ច្បាប់ឱ្យកាន់តែល្អប្រសើរក៏ដោយ ប៉ុន្តែនៅតែត្រូវការចូលរួមពីភាគីបរទេស ដើម្បីជួយទៅដល់វិនិយោគិន និងពាណិជ្ជករដែលប្រកបរបររកស៊ីនៅកម្ពុជា។

លោក សំ ចាន់រ៉ាឌី ប្រធានសមាគមន៍ សម្ព័ន្ធ ម៉ាជូ នៅកម្ពុជា បានថ្លែងថា គោលបំណងនៃកិច្ចសហប្រតិបត្តិការបង្កើតក្រុមហ៊ុនមេធាវី ម៉ាហ្សូ ថៃហាង ខេមបូឌា គឺដើម្បីជួយសម្របសម្រួល និងប្រឹក្សាយោបល់ផ្នែកច្បាប់ ជូនដល់វិនិយោគិនបរទេស ជាពិសេសមិត្តចិន។ សំខាន់ជាងនេះទៀត ដើម្បីឱ្យវិនិគិនបរទេស ជាពិសេសមិត្តចិន កាន់តែមានទំនុកចិត្ត និងសុវត្ថិភាព នៅក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកមេធាវី កូវ គីមហាក់ ប្រធានក្រុមហ៊ុនមេធាវី ម៉ាហ្សូ ថៃហាង ខេមបូឌា បានលើកឡើងថា ក្រុមហ៊ុនមេធាវី ម៉ាហ្សូ ថៃហាង ខេមបូឌា ត្រូវបានបង្កើតជាពិសេសដើម្បីប្រឹក្សា សម្របសម្រួលនិងផ្តល់សេវាកម្មដល់អតិថិជន ជាភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសអតិថិនជនជាតិចិន ដែលមិត្តដែកថែបរបស់ប្រទេសកម្ពុជា ដោយផ្តោតសំខាន់ទៅលើវិស័យវិនិយោគ ពាណិជ្ជកម្ម អចលនទ្រព្យ និងការពារយុត្តិធម៌នៅស្ថាប័នតុលាការ។

លោកសង្ឃឹមថាការចាប់ដៃគូសហការនេះនឹងអាចចូលរួមចំណែកក្នុងការបង្កើន និងទាក់ទាញវិនិយោគិន ឱ្យចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលជាកត្តាចម្បងមួយក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យមានការកើនឡើងផងដែរ៕