(ភ្នំពេញ)៖ បន្ទាប់ពី លោក ហ៊ុន ម៉ាណែត បានធ្វើការឆ្លើយតបនឹងសំណួររបស់ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ នៅលើបណ្តាញសង្គម Facebook នោះ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ៣០១៦នេះ លោក សួន សេរីរដ្ឋា បានថ្លែងអំណរគុណ លោក ហ៊ុន ម៉ាណែត ហើយលោកចាត់ទុកថា សារឆ្លើយតបនេះ គឺជាវប្បធម៌ប្រជាធិបតេយ្យមួយ។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបង្ហោះសារមួយឆ្លើយតបជាមួយលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានចោទថា ថវិកាចំណាយលើការចែកអាវរងារ ដល់កម្លាំងប្រដាប់អាវុធមានភាពមិនប្រក្រតី។ លោក ហ៊ុន មាណែត បានបកស្រាយឲ្យដឹងថា៖ ចំពោះការលើកឡើងរបស់គាត់ទាក់ទងនឹងការនាំយកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារតាមបណ្តោយព្រំដែនគោក ព្រំដែនទឹក និងបណ្តាកោះនានា គឺជាការលើកទឹកចិត្តបន្ថែម ដោយនាយករដ្ឋមន្រ្តី មិនប៉ះពាល់ដល់របបរបស់ពួកគេឡើយ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា «ខ្ញុំ សូមអរគុណ ឧ. ហ៊ុន ម៉ាណែត ដែលបានឆ្លើយតបនូវសំណួរមួយចំនួនរបស់ខ្ញុំ ដែលខ្ញុំ បានសរសេរដាក់ផ្សាយ កាលពីថ្ងៃទី ១២ វិច្ឆិកា ២០១៦ កន្លងទៅនៅលើ ហ្វេសបុក ផ្លូវការរបស់ខ្ញុំ ! ។ នេះចាត់ទុកជាវប្បធម៌ប្រជាធិបតេយ្យប្រយោលមួយ ដែលទោះបីមិនទាន់ពេញលេញជាការដេញដោលគ្នានៅលើ វេទិកាសាធារណៈ នៅចំពោះមុខពលរដ្ឋក៏ដោយ ក៏ជាការចាប់ផ្តើមមួយដែលអាចហៅបានថា៖ “មានសំណួរ មានចម្លើយ”» ។
ទោះជាយ៉ាងណា ចំពោះរឿងនេះ លោក សួន សេរីរដ្ឋា នៅតែចង់ឱ្យមានការជជែករវាងអ្នកនយោបាយ និងអ្នកនយោបាយនៅលើវេទិកាសាធារណៈ ហើយបើកឱ្យប្រជាពលរដ្ឋចូលរួមសួរដេញដោលជុំវិញដំណោះស្រាយ លើបញ្ហារបស់ពួកគេ។ លោក សួន សេរីរដ្ឋា ក៏បានស្នើពលរដ្ឋទាំងអស់រួមគ្នាហៅអ្នកនយោបាយ ឱ្យឡើងវេទិកាសាធារណៈបែបនេះ។
លោក សួន សេរីរដ្ឋា បានសរសេរថា «ខ្ញុំចង់ឃើញពលរដ្ឋខ្មែរ បញ្ចប់វប្បធម៌ដើរតាមអ្នកនយោបាយដែលខ្លួនគាំទ្រ រួចទៅធ្វើបាតុកម្មប្រឆាំងដេញអ្នកដែលខ្លួនមិនគាំទ្រ... ដោយខ្ញុំ ចង់ដាក់ជំនួសនូវវប្បធម៌ថ្មី គឺពលរដ្ឋខ្មែរទាំងអស់ រួមគ្នាហៅអ្នកនយោបាយ មកពីគ្រប់បក្សឲ្យឡើងលើវេទិកាសាធារណៈ រួចនាំគ្នាលើកដៃសួរដេញដោលពីបញ្ហា និងដំណោះស្រាយ ឲ្យពួកគេបញ្ចេញសមត្ថភាពឆ្លើយ និងដោះស្រាយវិញ»៕