(ភ្នំពេញ)៖ លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានប្រកាសបញ្ជាក់ថា ក្រុមហ៊ុន M's PIG ACMC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់លោក បាននិងកំពុងដំណើរការរោងចក្រផលិតចំណីសត្វធំមួយនៅកម្ពុជា ដែលវត្ថុធាតុដើមទិញពីប្រជាកសិករខ្មែរ ដើម្បីចូលរួមបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋបន្ថែមទៀត។
ថ្លែងប្រាប់អង្គភាព Fresh News លោក ម៉ុង ចាន់ថុល កូនប្រុសបង្កើតរបសលោក ម៉ុង ឫទ្ធី បានឲ្យដឹងថា «បច្ចុប្បន្ន យើងកំពុងធ្វើតេស្តម៉ាស៊ីន គឺដំណើរការរលូនរួចអស់ហើយ អត់មានបញ្ហាអ្វីទេ ហើយកម្លាំងរបស់វាក៏ផលិតបាន២០តោនក្នុង១ម៉ោង តាមការគ្រោងទុកដូចគ្នា»។
លោក ម៉ុង ចាន់ថុល បានបន្តថា «វត្ថុធាតុដើមដែលយើងនឹងទិញពីកសិករខ្មែរយើងក្នុង១ឆ្នាំៗ មានពោត៦ម៉ឺនតោនក្នុង១ឆ្នាំ, កន្ទុ១ម៉ឺនតោន, ចុងអង្ករ១ម៉ឺនតោន និងដំឡូង១ម៉ឺនតោនដែរ ឯកាកសណ្ដែកសៀងយើងនាំចូល គឺ២ម៉ឺនតោនក្នុង១ឆ្នាំ»។
លោកបន្ថែមថា ផលិតផលចំណីសត្វដែលផលិតបាន ក្រុមហ៊ុន M's PIG ACMC នឹងធ្វើការផ្គត់ផ្គង់នៅទីផ្សារក្នុងស្រុកសិន នៅពេលដែលមានតម្រូវការច្រើន ការផលិតកើនឡើង ក្រុមហ៊ុន M's PIG ACMC នឹងបន្តលក់ចែកចាយទៅទីផ្សារក្រៅប្រទេសបន្ថែមទៀត។ ដោយឡែក រោងចក្រផលិតចំណីសត្វថ្មីនេះ ផលិតតែប្រភេទចំណីដែលមានតម្រូវការច្រើនដែរ ពោលគឺចំណីជ្រូក ម៉ាន់ ទា ជាដើម ចំពោះគោ ក្ងាន គឺមានទាន់មានដំណើរការនៅឡើយទេ។
លោក ម៉ុង ចាន់ថុល ក៏បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនបានចំណាយទឹកប្រាក់អស់ជាង១០លានដុល្លារ មកហើយ ក្នុងការដំឡើងរោងចក្រ និងការធ្វើតេស្ត ក្នុងរយៈពេលកន្លងមកនេះ។
សូមជម្រាបថា ក្រុមហ៊ុន M's PIG ACMC គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ ក្រុមហ៊ុននឹងបើកសម្ភោធរោងចក្រផលិតចំណីសត្វដ៏ធំរបស់នេះ ជាផ្លូវការតែម្ដង នេះបើតាមការបញ្ជាក់យ៉ាងច្បាស់របស់ លោក ម៉ុង ចាន់ថុល។
លើសពីនេះ ក្រុមហ៊ុន M's PIG ACMC ក៏នឹងមានផែនការពង្រីកសាខានៅតាមបណ្ដាលខេត្តមួយចំនួន បន្ថែមទៀតផងដែរ ក្នុងពេលអនាគត ដែលក្នុងពេលនេះ លោក ម៉ុង ចាន់ថុល នៅតែបញ្ជាប់ថា ក្រុមហ៊ុនរបស់លោកកំពុងធ្វើតេស្តបរិមាណនៃការផលិត និងស្ទាបស្ទង់ទីផ្សារជាមុនសិន៕