Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បងប្អូនទៅកម្សាន្តនៅបុណ្យអុំទូក សូមជួយរក្សាអនាម័យនិងបរិស្ថានផង! សំរាមសន្ធឹកសន្ធប់ត្រូវបានកម្លាំងអង្គភាពសួនច្បារ និងរុក្ខជាតិ បោសសំអាតចាប់ម៉ោង១២យប់ ដល់៦ព្រឹកទើបរួច

14-11-2016 10:14

(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ចប់ហើយនៅឡើយបញ្ហាសំរាម ដែលជាបញ្ហាកង្វល់។

ជាក់ស្តែងនៅថ្ងៃទី១ នៃពិធីបុណ្យអុំទូកយប់មិញនេះ បងប្អូនដែលបានទៅកម្សាន្តបានបន្សល់ទុកសំរាមយ៉ាងច្រើនសន្ធឹកសន្ធប់ ពាសវាលពាលកាល មិនបានដាក់ក្នុងធុងសំរាមត្រឹមត្រូវឡើយ។

សំរាមទាំងនោះ តម្រូវអោយកម្លាំងអង្គភាពសួនច្បារនិងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បោសសំអាតចាប់តាំងពីវេលាម៉ោង១២៖០០យប់ មកដល់ម៉ោង០៦៖១៥នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ ស្ទើររួចរាល់ទាំងស្រុង នេះបើតាមការបញ្ជាក់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា ក្រោយចប់ពិធីបុណ្យថ្ងៃទី១នេះ សង្កេតឃេីញថា សំរាមនៅតែជាបញ្ហាចោទដែលប្រជាពលរដ្ឋមួយចំនួនបោះចោលគ្រប់ទីកន្លែង។

យ៉ាងណាក៏ដោយ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទៅកម្សាន្តក្នុងពិធីបុណ្យអុំទូក សូមជួយថែរក្សាបរិស្ថាន អនាម័យ បោះចោលសំរាមឲ្យបានត្រឹមត្រូវ ក្នុងធុងសំរាម៕