(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបង្ហោះសារមួយឆ្លើយតបជាមួយលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលបានចោទថា ថវិកាចំណាយលើការចែកអាវរងារ ដល់កម្លាំងប្រដាប់អាវុធមានភាពមិនប្រក្រតី។
លោក ហ៊ុន មាណែត បានបកស្រាយឲ្យដឹងថា៖ ចំពោះការលើកឡើងរបស់គាត់ទាក់ទងនឹងការនាំយកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារតាមបណ្តោយព្រំដែនគោក ព្រំដែនទឹក និងបណ្តាកោះនានារួមមាន៖
១៖ ថវិការក្រសួងការពារជាតិដែលទទួលបានពីកញ្ចប់ថវិការជាតិ មិនបាត់ទៅណាទេ គឺប្រើប្រាស់ទៅតាមគម្រោងផែនការឆ្នាំ ដែលបានលើកឡើងទៅក្រសួងហិរញ្ញវត្ថុ ដោយមួយផ្នែកធំគឺចំណាយទៅលើការតម្លើងប្រាក់បៀរវត្សរបស់យោធិន សំដៅលើកកំពស់ជីវភាពរស់នៅរបស់យោធិននិងក្រុមគ្រួសារ។ ក្រៅពីនោះ ក៏មានចំណាយទៅលើការងារហ្វឹកហ្វឺន ការផ្គត់ផ្គង់សម្ភារៈនិងយោធបរិក្ខាកងទ័ព ការងារប្រតិបត្តិការកងទ័ព ការងារថែទាំបច្ចេកទេសគ្រឿងចក្រ ។ល។
២៖ អាវភ្លៀងនិងអាវរងារដែលសម្តេចផ្តល់ជូនទៅកងកម្លាំងជាប្រចាំកន្លងមកនេះ គឺមិនមែនសម្រាប់ជំនួសឲ្យគោលរបបដែលយោធិន បានទទួលពីក្រសួងការពារជាតិនោះទេ ប៉ុន្តែវាជារបស់បន្ថែមដែលសម្តេចផ្តល់ជូនជាការលើកទឹកចិត្តដល់កងកម្លាំង ដែលបងប្អូនបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដីរបស់យើង។
៣៖ ចំពោះថវិការសម្រាប់ទិញអាវរងារ និងអាវភ្លៀងនេះគឺបានមួយផ្នែកពីការចូលរួមផ្ទាល់ របស់សម្តេចនិងមួយផ្នែកធំទៀត គឺបានមកពីការចូលរួមរបស់សប្បុរសជនជាច្រើន តាមគំនិតផ្តួចផ្តើម និងការអំពាវនាវរបស់សម្តេច។ ពោលគឺមិនប៉ះពាល់ថវិការជាតិទេ។
នៅចុងបញ្ចប់នៃសាររបស់ លោក ហ៊ុន ម៉ាណែត បានផ្ញើជូនដល់ លោក សួន សេរីរដ្ឋាឲ្យដឹងថា «ខ្ញុំសូមជូនយោបល់ទៅលោក សួន សេរីរដ្ឋា ថាជាជាងលោកចំណាយពេលវេលា និងខួរក្បាលរបស់លោកទៅលើការខិតខំរកវិធីរិះគន់ដល់ការផ្តល់សម្ភារៈដល់កងទ័ពនេះ គួរតែលោកចំណាយពេលវេលា គិតរកវិធីជួយដល់កងទ័ពតាមរូបភាពណាដែលខ្លួនមានលទ្ធភាពធ្វើ ព្រោះផលប្រយោជន៏ដែលបងប្អូនកងកម្លាំងបានផ្តល់ឲ្យ តាមរយៈការខិតខំបំពេញភារកិច្ចរបស់គាត់ក្នុងការការពារបូរណៈភាពទឹកដី ថែរក្សាសុខសន្តិភាព ស្ថេរភាពនិងសន្តិសុខសង្គម គឺសម្រាប់យើងទាំងអស់គ្នារួមទាំងរូបលោក និងក្រុមគ្រួសារផងដែរ។ យើងគួររួមគ្នាធ្វើ វាប្រសើរជាងរួមគ្នាថា។ ហើយបើថាក៍ថាចុះ សូមជួយធ្វើខ្លះផង»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានបង្ហោះនៅលើ Facebook Page ផ្លូវការរបស់ លោកថា «តើថវិកាដែលក្រសួងការពារជាតិ ទទួលបានមកពីកញ្ចប់ថវិកាជាតិប្រចាំឆ្នាំមួយឆ្នាំៗ យកទៅណាអស់បានជាពេលដែលកងទ័ពខ្វះខោអាវ សម្ភារៈប្រើប្រាស់ បែរជាចាំមេទ័ព ឧត្តមសេនីយ៍យកអំណោយទៅចុះចែកវិញ?
តើប្រាក់ខែ មេទ័ព ឧត្តមសេនីយ៍ ១ខែបានប៉ុន្មាន? កាច់កិនថ្លៃចំណាយក្នុងគ្រួសារហើយ តើមួយខែសល់ប៉ុន្មាន? ហើយមានមុខរបរ ក្រុមហ៊ុនរកស៊ីអីខ្លះ? ម្តេចក៏ក្រសួងការពារជាតិ ដែលយកលុយថវិកាជាតិសម្រាប់ទៅ ផ្គត់ផ្គង់ឲ្យកងទ័ព បែជាផ្គត់ផ្គង់មិនគ្រប់គ្រាន់ ហើយបែជា មេទ័ព ឧត្តមសេនីយ៍ កូនរបស់នាយករដ្ឋមន្ត្រី មានសល់លុយទិញសម្ភារៈ ខោអាវ យកទៅចែកអំណោយកងទ័ពទៅវិញ? ឬយកពីខ្លាំងកងទ័ព ដែលយកលុយជាតិទៅទិញ ហើយលួចយកឈ្មោះខ្លួនឯង ដាក់ថាជាម្ចាស់អំណោយ ដូចនាយករដ្ឋលួចយកលុយជាតិ ទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ហើយដាក់ឈ្មោះខ្លួនឯង?
ទាំងអស់នេះជាសំណួរ ដែលត្រូវឆ្លើយឲ្យមានតម្លាភាព ដើម្បីឲ្យពលរដ្ឋអាចទទួលយកបាន»៕