(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងឲ្យដឹងថា នៅថ្ងៃដំបូងនៃពិធីបុណ្យអុំទូក កាលពីទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ គឺបានប្រព្រឹត្តិទៅប្រកបដោយបរិយាកាសសប្បាយរីករាយ។ នេះបើយោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្ហោះឲ្យដឹង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើយោងតាមការបញ្ជាក់ឲ្យដឹងពី Facebook Page ផ្លូវការសម្តេចតេជោ បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «នៅថ្ងៃដំបូងនៃពិធីបុណ្យអុំទូកកាលពីម្សិលមិញ គឺបានប្រព្រឹត្តិទៅ ប្រកបដោយបរិយាកាសសប្បាយរីករាយ យ៉ាងអធិកអធមក្រៃលែង។ កន្លែងកំសាន្តមួយចំនួនដែលបងប្អូនប្រជាពលរដ្ឋ និងទេសចរណ៍បរទេសអាចចូលរួមកំសាន្តសប្បាយ បានគឺនៅតាមបណ្តោយមាត់ទន្លេ មុខព្រះបរមរាជវាំង វត្តបទុមវតី និងនៅកោះពេជ្រជាដើម»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះកុំភ្លេចចូលរួមកំសាន្តសប្បាយនៅក្នុងថ្ងៃទី ២ នៃពិធីបុណ្យ អុំទូកនៅមុខព្រះបរមរាជវាំងនៅថ្ងៃនេះ»។
គួរបញ្ជាក់ថា ពិធីបុណ្យអុំទូក អក អំបុក សំពះ ព្រះខែ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី១៣-១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ពិធីបុណ្យអុំទូកនេះអាចនឹងមានប្រជាពលរដ្ឋចូលរួម ប្រមាណជាជាង២លាននាក់ នេះបើតាមការព្យាករណ៍របស់គណៈកម្មការរៀបចំបុណ្យជាតិ។
ទស្សនារូបភាពមួយចំនួនអំពី «ពិធីបុណ្យអុំទូក» នៅថ្ងៃទី១ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានដង្ហែរព្រះមហាក្សត្រទតពិធីដ៏អធិកអធម្មនេះ រួមជាមួយមន្ត្រីរាជរដ្ឋាភិបាល ព្រឹទ្ឋសភា រដ្ឋសភា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕