(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១៥លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៥នាក់ របួសធ្ងន់១០នាក់ និងរបួសស្រាល៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន១៩គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង, រថយន្ដធុនតូច៦គ្រឿង, រថយន្ដធុនធំចំនួន២គ្រឿង និងយានយន្តផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន, បត់គ្រោះថ្នាក់, មិនប្រកាន់ស្ដាំ និងមិនគោរពសិទ្ធិ ស្រវឹង និងប្រជែង៕