(ភ្នំពេញ)៖ នៅពេលឃើញការប្រណាំងទូក ងម្ដងៗ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាច្រើន មានការងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាគេចាំបាច់ ត្រូវមានបុរស ឬស្រីជាអ្នករាំពត់ពេនលើកក្បាលទូក ក្នុងពេលប្រណាំងម្ដងៗ? តើនេះជាប្រវត្តិពីបុរាណកាល ឬក៏គេចេះតែធ្វើទេ?
លោក ញឹក សុខុម វ័យប្រហែល៣៨ឆ្នាំ ជាប្រធានបច្ចេកទេសទូក ង ឈ្មោះ «ធនស័ក្តិតេជោសែនជ័យបារមីវត្តបាណក» មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចូលខ្លួនមកបកស្រាយចម្ងល់ចក្ខុនេះ ដោយរៀបរាប់ប្រវត្តិពីបូរមបុរាណមកថា កងទ័ពជើងទឹកខ្មែរ មានភាពអង់អាចក្លាហានណាស់ ឈ្នះអស់សត្រូវក្នុង ចម្បាំងជើងទឹក ក្នុងទូកចម្បាំងនីមួយៗ សុទ្ធតែមានមេបញ្ជាការទូកម្នាក់រៀងៗខ្លួន ហើយមេបញ្ជាការទូកនេះ ស្ទើរតែទាំងអស់គឺជាមនុស្សប្រុស ព្រោះមនុស្សប្រុសមានស្មារតីរឹងមាំ គិតគូបានវែងឆ្ងាយ អង់អាចក្លាហាន ដឹងពីកាលៈទេសៈច្រើនជាងមនុស្សស្រី ចេះទប់ទែងទូក ក្នុងពេលបញ្ជាសឹកសង្គ្រាមលើផ្ទៃជលសាម្ដងៗ។
លោក ញឹក សុខុម បានបន្តថា «មនុស្សប្រុសមានបារមីខ្លាំងជាងមនុស្សស្រី យើងដឹងហើយសូម្បីតែអារក្ស អ្នកតាស្រី ក៏មិនសូវចំណាប់ដែរ តែពេលខ្លះក៏មនុស្សស្រីពូកែជាងមនុស្សប្រុស ដូចជាម្ហូប បាយ ទឹក ដាំស្លជាដើម តែទូកនេះ គឺត្រូវតែជាមនុស្សប្រុស ព្រោះនៅលើទឹកផង បើមនុស្សស្រី គេខ្លាចផ្លាតដៃផ្លាតជើងទៅ វាធ្លាក់ទឹក គ្រោះថ្នាក់ទៀត តែបើមនុស្សប្រុសការវៃឆ្លាតរបស់គាត់ មានសកម្មភាពរហ័សរហួនជាស្រី»។
ចំណុចនេះ លោក ញឹក សុខុម ចង់បញ្ជាក់ថា ការដែលមានបុរស ឬស្រ្តីទៅអង្គុយរាំពត់ពេន លើក្បាលទូកក្នុងពេលប្រណាំងម្ដងៗនោះ គឺជាទម្លាប់ពីបុរាណកាលមក ដោយមានប្រវត្តិចេញពីបុគ្គលមេបញ្ជាការទូក ដើម្បីធ្វើការបញ្ជាបច្ចេកទេស និងលើកទឹកចិត្តកីឡាករលើទូករបស់ខ្លួន កំឡុងពេលប្រណាំងជាមួយដៃគូដ៏ស្វិតស្វាញនោះ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមយកជ័យជម្នះ។
ជាការពិតណាស់ ធ្វើដំណើរឆ្លងកាត់មហាវិថីសហព័ន្ធរុស្ស៊ី កាត់តាមមុខក្រសួងការពារជាតិ ប្រជាពលរដ្ឋនឹងឃើញមានផ្ទាំងចម្លាក់២ផ្ទាំងធំៗ អមសងខាងពាក្យថា «ក្រសួងការពារជាតិ» ផ្នែកខាងឆ្វេងគឺចម្លាក់រូបកងទ័ពជើងគោក មានទ័ពសេះ ទ័ពដំរី និងទ័ពថ្មើរជើងជាដើម ចំណែកឯផ្នែកខាងស្ដាំ គឺចម្លាក់រូបកងទ័ពជើងទឹកខ្មែរ ច្បាំងជាមួយកងទ័ពចាមដ៏សាហាវ និងគ្រោះថ្នាក់បំផុត បើគេពិនិត្យមើលទៅនៅលើក្បាលទូកដ៏រឹងមាំនីមួយៗរបស់កងទ័ពខ្មែរ គេឃើញមានមនុស្សប្រុសដ៏អង់អាចម្នាក់ឈរមុខគេ ដៃកាន់លំពែងចាក់ និងពួញតម្រង់ចំទាហានចាម។ ទាំងនេះហើយ គឺជាអ្វីដែលលោក ញឹក សុខុម ចង់បញ្ជាក់ប្រាប់ប្រជាពលរដ្ឋទូទៅ និងភ្ញៀវទេសចរនានា អំពីចម្ងល់នេះ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូកនេះ គឺប្រារព្ធធ្វើឡើងដើម្បីរំឭកគុណរបស់កងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតការពារទឹកដី ពីបុរាណកាលមក ពោលគឺតាំងពីសម័យអង្គរ ដែលព្រះជ័យវរ្ម័នទី៧ ព្រះអង្គបានដឹកនាំកងទ័ពជើងទឹកខ្មែរ ច្បាំងបណ្ដេញពួកចាមឈ្លានពាន ចេញពីទឹកដីខ្មែរ នាគ.ស ១១៧៧-១១៨១ ដែលមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ។
មួយវិញទៀត ពិធីបុណ្យអុំទូកនេះ ក៏ធ្វើឡើងដើម្បីរំឭកគុណព្រះម៉ែគង្គាផងដែរ ដែលតែងតែផ្ដល់នូវទឹកទន្លេមេគង្គ ពោរពេញទៅដោយភក់ល្បាប់ប្រកបជីវជាតិល្អ សម្រាប់ស្រោចស្រពផលដំណាំ របស់ប្រជារាស្រ្តខ្មែររៀងរាល់ឆ្នាំ៕