Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តារាចម្រៀងខ្មែរកណ្តាល ចេញវិដេអូថ្លែងអំណរគុណបងប្អូនកម្ពុជាក្រោម ដែលបានស្រលាញ់ និងគាំទ្រពួកគាត់ (Video inside)

01-07-2025 14:49

(ភ្នំពេញ)៖ តារាចម្រៀងខ្មែរកណ្តាល ចំនួន ២រូប គឺលោក ប៊ុន សំបូរ និងកញ្ញា ប៊ុត ស្រី រ៉ែន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានចេញវិដេអូថ្លែងអំណរគុណបងប្អូនកម្ពុជាក្រោមទាំងអស់ ដែលបានស្រលាញ់ និងគាំទ្រពួកគាត់ ក្នុងឱកាសទៅលេង និងចូលរួមច្រៀង ចាប់ពីថ្ងៃទី២៦-២៩ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តត្រាវិញ ដែលត្រូវបានស្គាល់ថា ខេត្តព្រះត្រពាំង។

ការចូលរួមច្រៀងរបស់ពួកគាត់ ធ្វើឡើងក្នុងឱកាសព្រះធម្មវិមានត្ថេរ ថាច់ ញុឹក ព្រះចៅអធិការវត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ ដែលពលរដ្ឋខ្មែរស្គាល់ជាទូទៅថា ខេត្តព្រះត្រពាំង ខ្មែរកម្ពុជាក្រោម នៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំប្រារព្ធធ្វើបុណ្យសម្ពោធសាលាធម្មសភា២ជាន់ សមណកុដិ ខ្លោងទ្វាររោងទាន និងខួបអនុស្សាវរីយ៍ ១២០ឆ្នាំកសាងវត្ត ព្រមទាំងមហាសង្ឃទានថ្វាយ ប្រគេនព្រះសង្ឃចំនួន ៥០០អង្គ នៅក្នុងវត្តស្វាយសៀមថ្មី ដោយអញ្ជើញតារាចម្រៀងខ្មែរកណ្តាលប្រមាណ ១០នាក់ ទៅច្រៀងកម្សាន្តក្នុងកម្មវិធីដ៏ធំនេះ។

ការចូលរួមច្រៀងកម្សាន្តខាងលើ ក៏រៀបចំឡើងតាមរយៈការរៀបចំរបស់លោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក មាស រដ្ឋា ទីប្រឹក្សាក្រសួងការពារជាតិ ដើម្បីជាការផ្សារភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី រវាងបងប្អូនខ្មែរក្រោម និងបងប្អូនខ្មែរកណ្តាល ហើយជាការប្តូរបទពិសោធន៍គ្នា និងជាការរឹតចំណងអនុស្សាវរីយ៍រវាងសិល្បករខ្មែរក្រោម និងខ្មែរកណ្តាលផងដែរ។

ក្នុងរយៈពេល ៤ថ្ងៃ៣យប់ដ៏មានអត្ថន័យនេះ ការភ្ជាប់គ្នារវាងសិល្បៈចម្រៀងខ្មែរកណ្តាល និងខ្មែរក្រោម ត្រូវបានបង្កើតឡើងយ៉ាងស្អិតល្មួតជាទីបំផុត។ បងប្អូនខ្មែរក្រោម បានស្វាគមន៍បងប្អូនខ្មែរកណ្តាល ឯបងប្អូនខ្មែរកណ្តាល បានបង្ហាញអារម្មណ៍រំភើបចំពោះបដិសណ្ឋារកិច្ចរបស់ពួកគាត់ ហាក់បីដូចជាគ្រួសារមួយ ដែលមានឈាមជ័រតែមួយ ដោយមិនអាចកាត់ផ្តាច់ពីគ្នាបាន តាមរយៈសិល្បៈវប្បធម៌ដូចគ្នា។

តារាចម្រៀងខ្មែរកណ្តាល ក៏បានស្នើបងប្អូនខ្មែរកណ្តាលទៅលេងកម្សាន្តពួកគាត់ផង ព្រោះនៅទីនោះ ពួកគាត់គោរព និងស្រលាញ់ ព្រមទាំងចាត់ទុកខ្មែរកណ្តាលប្រៀបបីដូចជានិមិត្តរូប។ ការទៅលេងកម្សាន្តខ្មែរក្រោម មិនពិបាកទេ ព្រោះប្រទេសក្នុងតំបន់អាស៊ាន ប្រជាពលរដ្ឋដើរកម្សាន្តដោយសេរី និងមិនប្រើប្រាស់ទិដ្ឋាការឡើយ។

បងប្អូនខ្មែរកណ្តាល អាចធ្វើដំណើរទៅខ្មែរក្រោមតាមរថយន្ត និងចំណាយពេលប្រមាណ ១០នាទី នៅកន្លែងវាយត្រាឆ្លងដែនលើលិខិតឆ្លងដែនតែប៉ុណ្ណោះ៕