(កំពត)៖ រថយន្តម៉ាកតូយ៉ូតា ស៊ីណា ១គ្រឿង បានឆេះយ៉ាងសន្ធោសន្ធៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ត្រង់ចំណុចខាងកើតខ្លោងទ្វាររមណីយដ្ឋានណាត្យា ប្រហែល១០០ម៉ែត្រ ក្រោយបើកព្រលះគ្នាយ៉ាងពេញទំហឹង ជាមួយរថយន្តម៉ាកតូយ៉ូតា តាកូម៉ា ១គ្រឿងទៀត នាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ  ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ធ្វើឲ្យរថយន្តម៉ាកស៊ីណា បានឆេះខ្ទេចខ្ទីស្ទើរតែទាំងស្រុង ខណៈរថយន្តម៉ាកតាកូម៉ា រងខូចខាតទ្រុងទ្រាយយ៉ាងដំណំ ថែមទាំងបណ្តាលឲ្យមនុស្សរបួសធ្ងន់ម្នាក់។ ក្រោមបញ្ជារបស់លោកស្នងការខេត្ត កម្លាំងសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង បាញ់ពន្លត់រថយន្តដែលឆេះខាងលើ ទើបធ្វើឲ្យរលត់ស្ងប់ទៅវិញ។ តែទោះជាយ៉ាងណា ក្រុមមនុស្សដែលជិះលើរថយន្តទាំង២គ្រឿងនោះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ៕