(ភ្នំពេញ)៖ ជនសង្ស័យជាមុខសញ្ញាកាត់ខ្សែកម្នាក់ ត្រូវកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឃាត់ខ្លួនខណៈដែលបម្រុងធ្វើសកម្មភាព នៅក្នុងព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ ដែលត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅតំបន់ការពារA៣។

មន្ដ្រីនគរបាល បានឲ្យដឹងថា ការឃាត់ខ្លួននេះខណៈដែលជនសង្ស័យបម្រុងតែនឹងធ្វើសកម្មភាព កាត់ខ្សែកជនបរទេសម្នាក់ ស្រាប់តែពេលនោះកម្លាំងល្បាតស៊ីវិល ឃើញទាន់ក៏ឃាត់ខ្លួនតែម្ដង ហើយដកហូតបានកន្ដ្រៃដែកមួយផងដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសួរនាំ ដើម្បីចាត់ការបន្ដ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ កងកម្លាំងប្រដាប់អាវុធចម្រុះ នឹងប្រើប្រាស់កម្លាំងប្រមាណ ជាង១ម៉ឺននាក់ នៅក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបុណ្យអុំ បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែ៕