(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការចុះឃាត់ខ្លួនជនដៃឆៅម្នាក់ ក្រោយទទួលពាក្យបណ្ដឹងថា ជននេះមានបំណងចង់សម្លាប់ ជនរងគ្រោះ២នាក់ផ្សេងទៀត, ក្រោយពីឃាត់ខ្លួនបានហើយ កម្លាំងសមត្ថកិច្ចក៏បានរកឃើញថ្នាំញៀនមួយចំនួន នៅជាប់នឹងខ្លួនជនសង្ស័យថែមទៀត ក៏បញ្ជូនទៅសាកសួរភ្លាមៗតែម្ដង។
លោក ស ប៊ុនសឿង មេបញ្ជាការរងអាវុធហត្ថខេត្ត បានប្រាប់ភ្នាក់ងារអង្គភាព Fresh News នៅល្ងាចនេះថា តាមពាក្យបណ្តឹងរបស់ស្រ្តីរងគ្រោះឈ្មោះ រស់ ពិសី អាយុ២៦ឆ្នាំ និងប្អួនប្រុសម្នាក់ទៀតឈ្មោះ រស់ រស្មី អាយុ១៦ឆ្នាំ បានចោទប្រកាន់លើជនសង្ស័យឈ្មោះ កែវ សីហា ហៅពីងពាង អាយុ២៥ឆ្នាំថា បានយកកាំភ្លើងខ្លីបាញ់ប្រហារលើខ្លួន កាលពីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមកទៅ តែសំណាងល្អមិនបានបង្កឲ្យមានអ្នករងរបួសឡើយ។
លោកមេបញ្ជាការរងបានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងសមត្ថកិច្ចរបស់លោក បានចុះស្រាវជ្រាវរហូតឈានមកដល់ការឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រង់ចំណុចផ្លូវរថភ្លើង ក្រោយសណ្ឋាគារនាគមាសថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត និងបានរកឃើញថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន ១កញ្ចប់តូច ថ្នាំក្រវី ១ថង់ ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង និងសម្ភារៈសម្រាប់ជក់មួយចំនួនធំ កម្លាំងសមត្ថកិច្ចក៏បានបញ្ជូនខ្លួនជនសង្ស័យរូបនេះ ទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តែម្ដង។
ក្រោយពីសាកសួរចម្លើយ ជនសង្ស័យបានសារភាពថា គ្រឿងញៀន និងវត្ថុតាងទាំងអស់ គឺជារបស់ខ្លួនពិតមែន រីឯករណីបាញ់បោះនោះ មិនពាក់ព័ន្ធនឹងខ្លួនទេ គឺបក្ខពួករបស់ខ្លួនម្នាក់ទៀតជាអ្នកប្រព្រឹត្ត ដែលមានឈ្មោះ ម៉ាន ហៅស្មាន ជាអ្នកបាញ់បោះទៅលើជនរងគ្រោះ តែបានរត់គេចខ្លួនបាត់ហើយ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ចំណែកបក្ខពួកជនបង្កម្នាក់ទៀត កម្លាំងអាវុធហត្ថខេត្តកំពុងស្រាវជ្រាវ តាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕