(ភ្នំពេញ)៖ ព្រឹត្តិការណ៍បង្ក្រាបក្រុមបាតុករតវ៉ាខុសច្បាប់ដោយប៉ូលិសសហរដ្ឋអាមេរិក ក្រោយពេលបោះឆ្នោត ដែលបានកើតឡើងជាបន្តបន្ទាប់ប៉ុន្មានថ្ងៃចុងក្រោយនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីសារជាតិរបស់ក្រុមការពារសិទ្ធិមនុស្សកន្ទុយខ្វៀននៅកម្ពុជា ក៏ដូចជាសារជាតិរបស់បក្សប្រឆាំង អង្គការសង្គមស៊ីវិលមួយចំនួន និង អ្នកដែលអួតខ្លួនថាជាអ្នកវិភាគឯករាជ្យ រួមទាំងសារជាតិរបស់វិទ្យុអាស៊ីសេរីផងដែរ។
នៅពេលកើតមានបាតុកម្មប្រឆាំងប្រធានាធិបតីជាប់ឆ្នោត រហូតកើតមានអំពើហិង្សាបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈជាច្រើន សមត្ថកិច្ចប៉ូលិសអាមេរិក ក៏បានបើកការបង្ក្រាបយ៉ាងចាស់ដៃ ទៅលើក្រុមបាតុករអនាធិបតេយ្យទាំងនោះ។ ក្នុងការបង្ក្រាបនេះក៏ផ្ទុះមានអំពើហិង្សាបណ្តាលឲ្យមនុស្សជាច្រើនរងរបួស និងមានការចាប់ខ្លួនបាតុករគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន ជាច្រើនរយនាក់។ រូបភាពបង្ក្រាបទៅលើក្រុមបាតុករត្រូវបានគេផ្សាយតាមបណ្តាញព័ត៌មានជាច្រើន និងត្រូវបានបង្ហោះព្រោងព្រាតនៅតាមបណ្តាញសង្គមហ្វេសប៊ុក។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់បំផុតគឺ ទាំងវិទ្យុអាសេរី ទាំងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ទាំងគណបក្សប្រឆាំងស្រុកខ្មែរ នាំគ្នាសម្ងំស្ងៀមឈឹងគ្មានវាចារសូម្បីតែមួយម៉ាត់ លឹបក្បាលដូចអណ្តើក។ គ្មានការផ្សាយសូម្បីតែបន្តិច, គ្មានសេចក្តីថ្លែងការណ៍, គ្មានអត្ថាធិប្បាយ, គ្មានបទវិភាគ ដូចដែលគេធ្លាប់ធ្វើនោះឡើយ។ តំណាងអង្គការសង្គមស៊ីវិលខ្លះ នៅពេលអ្នកកាសែតចោទសួរអំពីបញ្ហានេះ បែរជាឆ្លើយថា ការបង្ក្រាទៅលើបាតុករហិង្សា ជារឿងធម្មតា និងមិនមែនជាការរំលោភសិទ្ធិមនុស្សទេ។
ងាកមកមើលអ្វីដែលកើតមាននៅកម្ពុជា ក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣វិញម្តង។ គណបក្សប្រឆាំងបានរៀបចំបាតុករទ្រង់ទ្រាយធំដើម្បីប្រឆាំង លទ្ធផលបោះឆ្នោត។ ក្រុមបាតុករដឹកនាំដោយគណបបក្សសង្គ្រោះជាតិ បាននាំគ្នាបង្កព្យុះភ្លៀង រហូតដល់កើតអំពើហិង្សាអនាធិបតេយ្យ ដូចជាករណីបាតុកម្មហិង្សាបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជននៅផ្លូវវ៉េងស្រេងជាដើម។ ពួកបាតុករបានបើកការវាយប្រហារដោយដុំថ្ម, ដោយដំបង និងដបសាំង ស្រោចមកលើកម្លាំងសមត្ថកិច្ច បណ្តាលឲ្យសមត្ថកិច្ចជាច្រើននាក់រងរបួស។ គ្លីនិកឯកជនមួយត្រូវបានវាយបំផ្លាញ និងទ្រព្យសម្បត្តិសាធារណៈជាច្រើន ត្រូវបានវាយបំផ្លាញឬដុតកម្ទេច។ ពួកបាតុករអនាធិបតេយ្យថែមទាំងបានដុតបំផ្លាញរថយន្តរបស់សមត្ថកិច្ច។ ពេលខ្លះ សន្តិសុខត្រូវបានគេពួតគ្នាវាយដួលក្នុងថ្លុកឈាមទៅលើដងផ្លូវនៅសល់តែដង្ហើមចង្រិត។ ប្រឈមមុខនឹងស្ថានភាពបែបនេះ សមត្ថកិច្ចក៏បានបើកការបង្ក្រាប។
ពេលនោះទាំងវិទ្យុអាស៊ីសេរី ទាំងអង្គការសង្គមស៊ីវិលមួយចំនួន ទាំងពួកដែលតាំងខ្លួនថា ជាអ្នកវិភាគឯករាជ្យ និងទាំងបក្សប្រឆាំងខ្លួនឯងដែលជា អ្នកបង្កភាពអនាធិបតេយ្យបានពួតដៃគ្នាផ្សាយ, ចេញសេចក្តីថ្លែងការណ៍, ធ្វើអត្ថាធិប្បាយរិះគន់វាយប្រហារធ្ងន់ធ្ងរទៅលើអាជ្ញាធរមានសមត្ថកិច្ច។ ពួកគេនាំគ្នាចោទ និងទម្លាក់កំហុសទាំងស្រុងទៅលើសមត្ថកិច្ច។ ពួកគេខិតខំបំប៉ោងបំភ្លៃបន្ថែមធ្វើយ៉ាងណាឲ្យគេយល់ថា សមត្ថកិច្ចខ្មែរប្រើអំពើហិង្សាទៅលើក្រុមបាតករ។
ពួកគេពួតដៃគ្នាចោទសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលថា ប្រើអំណាចផ្តាច់ការ។ ព័ត៌មានបែបនេះត្រូវបានវិទ្យុអាស៊ីសេរី ជាពិសេសបុគ្គល ជុន ច័ន្ទបុត្រ ផ្សាយហើយផ្សាយទៀតរាប់ខែ។ បទអត្ថាធិប្បាយជាច្រើនត្រូវបាន ជុន ច័ន្ទបុត្រ ធ្វើឡើងដោយចោទបំពានទៅលើសមត្ថកិច្ចថា ជាអ្នកប្រើហិង្សា និងប្រើអំណាច ផ្តាច់ការទៅលើបាតុករ។ ជុន ច័ន្ទបុត្រ មិនមែនឆ្កិះតែអង្គការសិទ្ធិមនុស្សកន្ទុយខ្វៀនក្នុងស្រុកទេ តែគាត់ថែមទាំងឆ្កិះឆ្កៀលអង្គការអន្តរជាតិមួយចំនួនដែល ជាគូកនជាពិសេសគឺ Human Right Watch - ដែលមាន ប្រែតអាដាម ជាតំណាង។
ដល់ពេលឥឡូវ ស្ថានភាពដូចគ្នាបានកើតឡើងនៅសហរដ្ឋអាមេរិក ពួកគេនាំគ្នាសម្ងំស្ងៀមឈឹង។ ជុន ច័ន្ទបុត្រ ខិតខំផ្សាយដោយទាញយកតែពីរឿងល្អនៅអាមេរិកហើយខិតខំបន្តុះបង្អាប់ស្រុកខ្មែរ ដូចជាការលើកឡើងអំពីការផ្ទេអំណាចដោយរលូន ដោយឆ្លៀតឌឺដងថា នៅកម្ពុជាមានការពង្រាយកម្លាំងពេលបោះឆ្នោតជាដើម។ តែ អាស៊ីសេរីមិនបាននិយាយ សូម្បីតែមួយម៉ាត់អំពីហិង្សាពេលបោះឆ្នោតនៅអាមេរិក រហូតធ្វើឲ្យការិយាល័យខ្លះបិទទ្វារ។ មិននិយាយមួយម៉ាត់ដល់ការធ្វើបាតុកម្មអនាធិបតេយ្យ និងហិង្សារបស់បក្សប្រឆាំងនៅកម្ពុជា និងមិននិយាយសូម្បីមួយម៉ាត់អំពីការបង្ក្រាបហិង្សាទៅលើបាតុករនៅអាមេរិក។
តែបើបែរជានិយាយវិញ ពួកសង្គមស៊ីវិលខ្លះបែរជាអះអាងថា ការបង្ក្រាបទៅលើបាតុករនៅអាមេរិកជារឿងធម្មតា មិនប៉ះពាល់ដល់សិទ្ធិមនុស្សទេ។ ចុះហេតុអ្វីបានជាព្រឹត្តិការណ៍ដូចគ្នា តែមានការវាយតម្លៃខុសគ្នាស្រឡះបែបនេះ?
តាមរយៈសំណួរនេះ គេអាចយល់បានយ៉ាងច្បាស់ថា៖
១៖ វិទ្យុអាស៊ីសេរី, អង្គការសង្គមស៊ីវិល ជាពិសេស Licadho - គណបក្សប្រឆាំង និងអ្នកដែលតាំងខ្លួនថា ជាអ្នកវិភាគឯករាជ្យនៅស្រុកខ្មែរ គឺជាគូកនតែមួយដែលមានចេតនាជួយបក្សប្រឆាំងដើម្បីដណ្តើមអំណាច។
២៖ ពួកសង្គមស៊ីវិល និងអ្នកវិភាគអស់ទាំងនោះ ជាមនុស្សកន្ទុយខ្វៀន មិនហ៊ានប៉ះពាល់ដល់ប្រទេសដែលខ្លួនចាត់ទុកជាចៅហ្វាយនាយ និងជាអ្នកផ្តល់ជំនួយ ពីព្រោះបើហ៊ានប៉ះច្បាស់ជាដាច់អាជីព ដូចពាក្យដែលគេតែងនិយាយកន្លងទៅថា ជាអ្នកវិភាគ និងអ្នកការពារសិទ្ធិមនុស្សដើម្បីដូរបាយ។
៣៖ ភាពស្ងាត់ស្ងៀមរបស់វិទ្យុអាស៊ីសេរី បក្សប្រឆាំង និងអង្គការសង្គមស៊ីវិលការពារសិទ្ធិមនុស្សនៅកម្ពុជា ក៏ដូចជាអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ កំពុងបង្ហាញឲ្យឃើញថា សិទ្ធិមនុស្សមានស្តង់ដាខុសគ្នារវាងប្រទេសមហាអំណាច និងប្រទេសក្រីក្រតូចតាច គឺ Double Standard of Human Right ។
នេះគឺជាមេរៀនដ៏អាក្រក់បំផុតដែលពួកអ្នកមហាអំណាច ពួកអ្នកការពារសិទ្ធិអន្តរជាតិ តែងធ្វើដើម្បីកកូរកកាយប្រទេសតូចតាច និងទន់ខ្សោយ។ ពួកនេះបានប្រើប្រាស់កូនជឹងរបស់ខ្លួននៅក្នុងបណ្តាប្រទេសទាំងនោះដើម្បីជាឧបករណ៍។
ជាក់ស្តែងនៅកម្ពុជា គេបានប្រើបក្សប្រឆាំង - សង្គមស៊ីវិល និងអ្នកវិភាកដូរបាយមួយចំនួននោះដើម្បីកកូរកកាយ ធ្វើឲ្យមានភាពវឹកវរចលាចលនៅកម្ពុជា។ តែសំណាងល្អ ប្រទេសយើងមានអ្នកដឹកនាំរឹងមាំ ឆ្លាតវាងវៃ និងយល់ពីល្បិចកិច្ចកលទាំងនោះ ហើយតែងតែអាចស្រោចស្រង់សភាពការណ៍បានតែរហូតមក។ ដូច្នេះ ពួកវិទ្យុអាស៊ីសេរី ពួកបក្សប្រឆាំង ពួកសង្គមស៊ីវិល និងពួកអ្នកវិភាគដូរបាយទាំងឡាយ គួរតែដល់ពេលបញ្ឈប់សកម្មភាពរបស់ខ្លួនហើយ ពីព្រោះមុខមាត់របស់អស់លោកត្រូវបានគេស្កាល់អស់ហើយ ហើយក៏គ្មានអ្នកណាជឿលើអស់លោកទៀតដែរ។
ប្រជាពលរដ្ឋខ្មែរច្បាស់ជាមិនបណ្តោយឲ្យពួកអស់លោកមកកកូរកកាយបានទៀតឡើយ បន្ទាប់ពីអស់លោកត្រូវបង្ខំចិត្តធ្វើជាមនុស្សកន្ទុយខ្វៀន ចំពោះអំពើហឹង្សា និងភាពសាហាវព្រៃផ្សៃរបស់កំលាំងសម្ថកិច្ចទៅលើបាតុករអាមេរិក៕ (ដោយ៖ ប៊ូឡាំ សាន)