(សៀមរាប)៖ ក្នុងពេលរាជធានីភ្នំពេញ កំពុងបើកការប្រណាំងទូក.ង ដ៏អធឹកអធ័មក្នុងថ្ងៃដំបូងនេះ នាខេត្តសៀមរាប ឯនោះវិញ ក៏បានរៀបចំពិធីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកដែរ ក្រោមអធិបតីភាព លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។
ពិធីបុណ្យអុំទូកនេះ ប្រារព្ធធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលមានទូក.ងចូលរួមប្រណាំងចំនួន ៣០ទូក និងប្រទីបចំនួន ១៥គ្រឿង នឹងត្រូវចូលរួមបណ្ដែតក្នុងវេលាយប់ ថ្ងៃទី១៣នេះ។
ប្រទីបដែលនឹងត្រូវបណ្ដែតក្នុងខេត្តសៀមរាបនោះ ត្រូវបានរៀបចំឡើងដោយស្ថាប័នផ្សេងគ្នា រួមមាន៖ រដ្ឋបាលខេត្តសៀមរាប, មន្ទីរធនធានទឹក, មន្ទីររៀបចំដែនដី, មន្ទីរពាណិជ្ជកម្ម, មន្ទីរសាធារណការ, មន្ទីរទេសចរណ៍, មន្ទីរអប់រំ, មន្ទីរសុខាភិបាល, បញ្ជាការដ្ឋានកងរាជអាវុធហត្ថ, ស្នងការនគរបាលខេត្ត, សាលាក្រុងសៀមរាប, តំបន់ប្រតិបត្តិការសឹករងខេត្ត, អង្គភាពពអគ្គិសនីខេត្តសៀមរាប, ស្រ្តីរក្សាព្រះធម៌, និងប្រទីបរបស់សណ្ឋាគារបុរីអង្គរ៕