(ភ្នំពេញ)៖ ប្រធានសមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា លោក ឃុន រ៉ានី បានប្រាប់អង្គភាព Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា លោកសូមសម្តែងការគាំទ្រចំពោះលទ្ធផលបោះឆ្នោតសហរដ្ឋអាមេរិក និងគាំទ្រដល់ជ័យជំនះរបស់គណបក្សសាធារណរដ្ឋ ប៉ុន្តែលោកសុំមិនធ្វើការអត្ថាធិប្បាយ ចំពោះបាតុកម្មផ្ទុះហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណ និងការបង្រ្កាបបាតុករនៅសហរដ្ឋអាមេរិក។

ប្រធានសមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា រូបនោះបានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងបន្ថែមថា មូលហេតុដែលលោកមិនអាចបញ្ចេញយោបល់ លើបញ្ហាបាតុកម្មនៅសហរដ្ឋអាមេរិក ដោយសារលោកមិនបានតាមដានរឿងនេះឲ្យបានច្បាស់។

សូមជំរាបថា បញ្ហាបាតុកម្មផ្ទុះហិង្សាជាច្រើនរដ្ឋនៅសហរដ្ឋអាមេរិក ដែលបាននឹងកំពុងកើតឡើងនៅពេលនេះ, ក៏ត្រូវបានលោក សំ ច័ន្ទគា អ្នកនាំពាក្យអង្គការអាដហុក សុំបដិសេធមិនធ្វើអត្ថាធិប្បាយផងដែរ ជុំវិញសភាពការណ៍នេះ ខណៈដែលមានបាតុកម្មផ្ទុះហិង្សាតវ៉ាប្រឆាំងនឹងលទ្ធផលឆ្នោត និងមានការបង្រ្កាប ព្រមទាំងចាប់ខ្លួនបាតុករ ដែលកំពុងផ្ទុះធ្វើបាតុកម្មស្ទើរទូទាំងប្រទេស។

ជួបសម្ភាសតាមទូរស័ព្ទជាមួយអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក សំ ច័ន្ទគា មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ និងជាអ្នកនាំពាក្យរបស់សមាគមសិទ្ធិមនុស្សអាដហុក នៅកម្ពុជា បានស្នើសុំមិនធ្វើអត្ថាធិប្បាយជុំវិញស្ថានភាពនៅសហរដ្ឋអាមេរិក ហើយលោកបានជំរុញឱ្យ អង្គភាពព័ត៌មាន Fresh News ទំនាក់ទំនងទៅកាន់ប្រធានអង្គការដោយផ្ទាល់តែម្តង ដើម្បីសួរនាំរឿងនេះ។

ទោះជាយ៉ាងណាក្តី Fresh News មិនអាចទំនាក់ទំនងទៅ លោក ធន សារ៉ាយ ប្រធានអង្គការអាដហុកបាននៅឡើយទេ ខណៈដែលសហការីរបស់គាត់បានប្រាប់ថា
លោកទៅបំពេញបេសកកម្ម នៅក្រៅប្រទេសជាច្រើនថ្ងៃមកហើយ មិនទាន់ត្រឡប់មកវិញនៅឡើយ។

អង្គការសង្គមស៊ីវិលនៅកម្ពុជាមួយចំនួន ដែលបាននឹងកំពុងឃ្លាំមើលស្ថានភាពបាតុកម្ម នៅអាមេរិកពេលនេះ មានស្ថាប័នខ្លះបានគាំទ្រដល់ការបង្រ្កាបបាតុកម្ម នៅសហរដ្ឋអាមេរិក ហើយចាត់ទុកថា ជារឿងត្រឹមត្រូវព្រោះជាបាតុកម្មដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងស្ថាប័នខ្លះទៀតបានលើកឡើងថា ករណីនេះមិនមានការរំលោភសិទ្ធិមនុស្ស និងខ្លះទៀតសុំមិនធ្វើអត្ថាធិប្បាយនោះទេ។

សូមជំរាបថា បើផ្អែកតាមការផ្សាយរបស់សារព័ត៌មានអន្តរជាតិសំខាន់ៗលើពិភពលោកនៅយប់ និងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា កម្លាំងប៉ូលីសរបស់សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការបង្ក្រាបយ៉ាងសាហាវទៅលើហ្វូងបាតុកររាប់ពាន់នាក់ ដែលប្រឆាំងនឹងលទ្ធផលបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិកដែលបានបញ្ចប់ទៅកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ។ គណបក្សចាញ់ឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលតាំងខ្លួនជា បិតាប្រជាធិបតេយ្យ និងកំពូលគោរពសិទ្ធិមនុស្សលើលោក កំពុងផ្ទុះបាតុកម្មដ៏កក្រើកទូទាំងប្រទេស ប្រឆាំងនឹងលទ្ធផលឆ្នោត។ ក្រុមបាតុករត្រូវបានប៉ូលីសប្រើអាវុធ បំផ្ទុះ, បាញ់គ្រាប់បែកផ្សែង និងចាប់ខ្លួនជាង៣៥០នាក់ និងបាញ់របួសធ្ងន់ម្នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ៕

ខាងក្រោមនេះជាវិដេអូបាតុកម្មផ្ទុះហិង្សានៅអាមេរិក៖