(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានស្នើយ៉ាងទទូចដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុញ្ញាតឲ្យរថយន្តដែលមានបំពាក់ដងសេវាទូរស័ព្ទចល័ត បានចូលដល់កន្លែងប្រារព្ធពិធីបុណ្យអុំទូកវិញ ដើម្បីសម្រួលការទាក់ទងតាមប្រព័ន្ធទូរស័ព្ទរបស់ប្រជាពលរដ្ឋនៅទីនោះ ព្រោះបើមិនមានរថយន្តចល័តនេះទេ សេវាទាក់ទងនឹងមានភាពរអាក់រអួលជាមិនខាន។
ន.ទ.ក បានបញ្ជាក់ថា កន្លងមក ន.ទ.ក បានណែនាំឱ្យប្រតិបត្តិករសេវាកម្មទូរស័ព្ទទាំងអស់ ត្រូវពង្រឹងគុណភាពសេវារបស់ខ្លួន តាមរយៈការដំឡើងស្ថានីយ៍ទូរស័ព្ទចល័ត (Mobile Tower Cell on Wheel - COW) ដើម្បីជម្រុញដល់គុណភាពសេវាទូរគមនាគមន៍ សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមសប្បាយរីករាយ អបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយថ្មីៗនេះ ន.ទ.ក. ក៏បានចេញលិខិតយល់ព្រមលើសំណើរបស់ក្រុមហ៊ុន Smart ដើម្បីដំឡើង COW នេះ នៅទីតាំងចំនួន៥ នៅក្បែរតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក។
តែដោយមានព័ត៌មានមកថា មានការរារាំងពីកម្លាំងសមត្ថកិច្ច មិនឱ្យដំឡើង COW របស់ខ្លួននៅតាមទីតាំងដែលបានគ្រោងទុក និយ័តករទូរគមនាគមន៍កម្ពុជា សូមអំពាវនាវដល់គ្រប់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាជួយសម្រួលផ្ដល់ទីតាំងជូនក្រុមហ៊ុនប្រតិបត្តិករទាំងនោះ ដើម្បីឲ្យប្រជាពលរដ្ឋដែលចូលរួមកម្សាន្ត ក្នុងព្រះរាជពិធីអុំទូក ទទួលបាននូវគុណភាពសេវាទូរស័ព្ទ មិនមានភាពរអាក់រអួល។
ន.ទ.ក បានបញ្ជាក់ទៀតថា «រៀងរាល់ពេលមានព្រឹត្តិការណ៍ធំៗ ឬពិធីបុណ្យជាតិធំៗ ដែលមានប្រជាពលរដ្ឋ ចូលរួមរាប់សែន រាប់លាននាក់ដូចនេះ សេវាទូរគមនាគមន៍នៅតំបន់ ដែលមានពិធីទាំងនោះ មិនអាចដំណើរដោយរលូនបានឡើយ ហេតុដូចនេះ ការដំឡើងបន្ថែមនូវ COW គឺដើម្បីពង្រីកចំណុះ នៃការប្រើប្រាស់ឱ្យបានធំជាងមុន ជួយសម្រួលដល់អ្នកប្រើប្រាស់អាចរីករាយ ក្នុងការទាក់ទងគ្នា»៕