(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលត្រូវនឹងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត អកអំបុក និងសំពះព្រះខែ បានចុះយុទ្ធនាការ ចែកប័ណ្ណព័ត៌មាន នៅតាមបណ្ដាលគោលដៅការពារនីមួយៗ ដើម្បីចែកបន្ដដល់ពលរដ្ឋដែលកម្សាន្ដ ទុកជាការដាស់ស្មារតី។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ប្រសិនបើមានប្រជាពលរដ្ឋមានបញ្ហាអ្វីដែលត្រូវការសមត្ថកិច្ចជួយអន្ដរាគមន៍ ឬសង្គ្រោះបន្ទាន់ សូមធ្វើការទាក់ទងទៅសមត្ថកិច្ចដែលនៅជិតជាទីបំផុត ឬទំនាក់ទំនងទៅលេខទូរស័ព្ទដែលមាននៅក្នុងប័ណ្ណដែលបានចែកជូន ព្រមទាំងHot Line៖ ១១៧,១១៨។
បន្ថែមពីនេះ លោកប្រធាននាយកដ្ឋានព្រហ្មទណ្ឌ សូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលចូលមកកម្សាន្ដ ត្រូវតែយកចិត្តទុកដាក់រក្សាការពារទ្រព្យសម្បត្តិរបស់ខ្លួន និងផ្ទះសម្បែង ព្រោះខ្លាចក្រែងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃនេះ កងកម្លាំងប្រដាប់អាវុធចម្រុះ នឹងប្រើប្រាស់កម្លាំងប្រមាណ ជាង១ម៉ឺននាក់ នៅក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបុណ្យអុំ។
អនុគណៈម្មការ នៃគណ បញ្ជាការកងឯកភាព បានត្រៀមប្រើប្រាស់រថយន្តសង្គ្រោះ ៣១គ្រឿង ជម្រកតង់ពិនិត្យសុខភាព ៩កន្លែង និងប្រើប្រាស់អូរប័រសង្គ្រោះលើផ្ទៃទឹក ៧០គ្រឿង នាវា ១១គ្រឿង ទូកយន្ត ១គ្រឿង ក្បាលសណ្តោង ១គ្រឿង ហើយក្រៅពីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងសម្ភារនានាជាច្រើនទៀត សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនកីឡាករ កីឡាការិនីអុំទូក ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដែលចូលទស្សនាកម្សាន្តនៅក្នុង ឱកាសថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា នៅក្នុងរាជធានីភ្នំពេញ៕