(ភ្នំពេញ)៖ នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ជាច្រើននាក់ បាននិងកំពុងសម្រុកមកលេង ជាបណ្តើរៗហើយ ដើម្បីអបអរសាទរ និងទស្សនាការប្រណាំងទូក នៅតាមដងទន្លេ នាមុខព្រះបរមរាជវាំង។
សម្រាប់ទិដ្ឋភាពទូទៅ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ យ៉ាងច្រើនកុះករ បានអង្គុយនៅលើច្រាំងទន្លេ (ខឿនថ្ម) ដើម្បីបានទស្សនា នៃការប្រណាំងទូកដោយផ្ទាល់ អមដោយការលក់ដូរ នំចំណី មុខទំនិញផ្សេងៗ យ៉ាងច្រើនអនេក។
សំឡេងចេញពីឧឃោសនសព្ទ នៃការអធិប្បាយ របស់ក្រុមពិធីករ-ពិធីការិនី នៃស្ថានីយ៍ទូរទស្សន៍ ស្តីពីការប្រណាំងទូក នៅលើដងទន្លេ បានលាន់ឭរំពង គ្រប់ទីកន្លែង ដើម្បីឲ្យអ្នកទស្សនាទាំងឡាយ បានដឹង និងស្គាល់ឈ្មោះទូក និងលទ្ធផលនៃការប្រណាំង។
ជាមួយគ្នានេះ កងកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើនពាន់នាក់ មកពីគ្រប់ស្ថាប័នរដ្ឋ បានយាមតាមគោលដៅរៀងៗខ្លួន តាមការចាត់ចែង នៅក្នុងបរិវេណ នៃព្រះរាជពិធីបុណ្យអុំទូក ហើយដើរល្បាតចុះឡើងៗ ដើម្បីត្រួតពិនិត្យមើលសភាពការណ៍ និងជួយអន្តរាគមន៍ផ្សេងៗ ក្រែងលោមានអ្វីកើតឡើងដោយយថាហេតុ។
ដោយឡែក កម្លាំងសមត្ថកិច្ចផ្នែកជើងទឹកវិញ ត្រូវបានគេមើលឃើញថា បានប្រចាំការនៅលើផ្ទៃទឹក គ្រប់គោលដៅដើម្បីត្រៀមជួយសង្គ្រោះហេតុការណ៍ផ្សេងៗ ជាពិសេសគឺក្រែងមានទូកលិចជាដើម ហើយសម្រាប់មន្រ្តីសុខាភិបាលប្រមាណ១០០០នាក់ នោះក៏បង្ហាញវត្តមាននៅតាមទីតាំង នៃការបែងចែកប្រចាំការ ខ្លាចប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ឫឈឺថ្កាត់ដោយយថាហេតុ។
សម្រាប់ស្ថានការណ៍ទូទៅ រហូតមកដល់រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ដែលកំពុងដឹកនាំកម្លាំង ប្រចាំការនៅតាមមាត់ទន្លេ និងកំពុងហូបបាយកញ្ចប់នៅវេលាម៉ោងជាង១រសៀលទៅហើយនោះ បានបញ្ជាក់ថា «រហូតមកដល់ពេលនេះ ពុំទាន់មានហេតុការណ៍ណាមួយកើតឡើងធ្ងន់ធ្ងរ គួរឲ្យកត់សម្គាល់នោះទេ»។
តែយ៉ាងណាក៏ដោយ រសៀលថ្ងៃនេះ ក៏មានករណីលិចទូកប្រណាំងតែត្រូវបានក្រុមអន្តរាគមន៍ ជួយទាន់ពេលវេលា ហើយក៏មិនបានប៉ះពាល់ដល់ក្រុមកីឡាករនោះឡើយ ហើយក៏មានករណីឆេះអាល់កុលបណ្តាលឲ្យចេញផ្សែងហុយមួយចំអិនកំពឹសផងដែរ ចេញពីកន្លែងចុងភៅ តែអត់មានបញ្ហាធ្ងន់ធ្ងន់នោះទេ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យទូក បានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ហើយតាមការប៉ាន់ស្មានរបស់អភិបាលរាជធានីភ្នំពេញ គឺមានប្រជាពលរដ្ឋ ជាង២លាននាក់ មកទស្សនា។
សូមទស្សនារូបភាព និងទិដ្ឋភាពទូទៅ នៃព្រះរាជពិធីបុណ្យអុំទូក នៅថ្ងៃទី១៖