(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានរំពឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ នឹងមានភ្ញៀវទេសចរចូលរួមទស្សនាយ៉ាងតិច ២លាននាក់ ដែលក្នុងមួយថ្ងៃៗ នឹងមានភ្ញៀវអន្តរជាតិជាង៧ពាន់នាក់។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោករដ្ឋមន្រ្តី ថោង ខុន បានឲ្យដឹងថា «ខ្ញុំគិតថា ប្រហែលជា២លាននាក់ ៣ថ្ងៃនេះ, មកច្រើនជាងគេ គឺខេត្តជុំវិញរាជធានីភ្នំពេញហ្នឹង ដូចជាខេត្តកណ្ដាល កំពង់ចាម សូម្បីក៏កំពង់ធំខ្ញុំក៏មិនតិចដែរ ខាងស្គន់ក៏មកច្រើនណាស់ដែរ»។
លោករដ្ឋមន្រ្តីបន្ថែមថា «ចំពោះភ្ញៀវបរទេសនៅលើវេទិការនេះ អត់តិចជាង២ពាន់នាក់ទេ ដែលចេញចូលប្រចាំថ្ងៃ ព្រោះយើងបានរៀបវេទិកាមួយយ៉ាងល្អ សម្រាប់ទេសចរមាន Free ភេសជ្ជៈជាដើម, យើងមានរៀបចំជាការបកប្រែជា៤ភាសា ឥឡូវតាមរយៈទីភ្នាក់ងារទេសចរណ៍ គេចុះឈ្មោះបានជាង២ពាននាក់ហើយ តែនៅមានទេសចរដែលមកពីក្រៅប្រហែល ជាង៥ពាន់នាក់ទៀត ក្នុងមួយថ្ងៃ ហ្ចឹងប្រហែលជាង៧ពាន់នាក់»។
ទោះយ៉ាងណា លោករដ្ឋមន្រ្តីក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមរៀបចំបញ្ហាសន្តិសុខ សុវត្ថិភាព បញ្ហាអនាម័យបរិស្ថាន ការរុះរាយរាក់ទាក់ ទទួលភ្ញៀវទេសចរឲ្យបានល្អប្រសើរ ពិសេសចាំបាច់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ ឲ្យបានគ្រប់ៗគ្នា ទើបធ្វើឲ្យព្រះរាជពិធីបុណ្យប្រពៃណីជាតិខ្មែរ ដ៏ធំមួយនេះ កាន់តែមានភាពអធឹកអធ័ម និងសប្បាយរីករាយ។
សូមជម្រាបថា រយៈពេល៨ខែ ដើមឆ្នាំ២០១៦ ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា មានចំនួន ៣,១៦២,៩០៧នាក់ កើនឡើង ៤.៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥។ លោករដ្ឋមន្រ្តី ថោង ខុន ក៏បានរំពឹងទុកដែរថា «ក្នុងឆ្នាំ២០១៦នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥លាននាក់»៕