(ភ្នំពេញ)៖ ក្រោយលទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកត្រូវបានប្រកាស គណបក្សខាងលទ្ធិប្រជាធិបតេយ្យដែលកំពុងកាន់អំណាចចាញ់គណបក្ស សាធារណរដ្ឋទាំងមិនអស់ចិត្ត រួចហើយអ្នកគាំទ្រគណបក្សចាញ់ឆ្នោតនាំគ្នាធ្វើបាតុកម្មឡាំប៉ារហូតផ្ទុះហឹង្សាដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាសន៏របស់សហរដ្ឋ អាមេរិករួចមក នាយខ្វែកក្នុងនាមអ្នកនិពន្ធរបស់ Fresh News មានកិត្តិយសត្រូវបានខាងស្ថានទូតអាមេរិកហៅ ទៅធ្វើបទសម្ភាសន៏ផ្ដាច់មុខ នៅក្នុងបន្ទប់កំរិតខ្ពស់បំផុត VIP។
កន្លងមកធ្លាប់តែពេលចង់បានព័ត៌មានពីស្ថានទូតអាមេរិក ត្រូវដាក់លិខិតស្នើសុំ ឬរង់ចាំឱកាសរាប់អាទិត្យទើបមានការឆ្លើយតប ឬពេលខ្លះលោកទូតមិនព្រមឲ្យជួប រុញឲ្យទៅឆែកព័ត៌មានតាមវេបសាយរបស់ស្ថានទូតជាដើម តែលើកនេះបែរជាចំឡែកលោកទូតហៅចូលសម្ភាសន៏ផ្តាច់មុខភ្លាមៗ ហើយយកចិត្តនាយខ្វែកទៀត ព្រោះសម្ភាសន៏បណ្ដើរ លោកទូតដាក់ប៊ីយ៉ែ បាត់វ៉ាយសឺរ ត្រជាក់ស្រេបឲ្យផឹកហើយ ធ្វើស្តេកសាច់គោអាមេរិកឲ្យក្លែមទៀត។
នាយខ្វែក៖ អរគុណលោកទូត..ថ្ងៃនេះខ្ញុំមានមហាកិត្តិយសណាស់ដែលបានលោកទូតអញ្ជើញខ្ញុំមកធ្វើការសម្ភាសន៏ផ្ដាច់ មុខដើម្បីយកព័ត៌មានទៅធ្វើការ ផ្សព្វផ្សាយជូនប្រជាជនកម្ពុជា នៃខ្ញុំបានដឹងពីសហរដ្ឋអាមេរិកដ៏អស្ចារ្យ។
លោកទូត៖ អរគុណនាយខ្វែក ដែលលោកបានចំណាយពេលវេលាតិចតួចរបស់លោក មកធ្វើបទសម្ភាសន៏ជាមួយខ្ញុំដែល ជាឯកអគ្គរដ្ឋទូតរបស់ប្រទេស ឪមហាប្រជាធិបតេយ្យ នៅលើពិភពលោកយើងនេះ។ ខ្ញុំហៅលោកមកសម្ភាសន៏ខ្ញុំថ្ងៃនេះ ខ្ញុំចង់ឲ្យលោកជួយយកព័ត៌មានស្ដីពីសភាពការណ៏ថ្មីៗ នេះនៅសហរដ្ឋ ជាពិសេសការបោះឆ្នោតនៅសហរដ្ឋអាមេរិកយកទៅធ្វើការផ្សព្វផ្សាយជូនពលរដ្ឋកម្ពុជាឲ្យបានដឹងជ្រួតជ្រាបដើម្បីកម្ពុជាយកទៅធ្វើជាគំរូតាម នៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។
នាយខ្វែក៖ តើការបោះឆ្នោតនៅសហរដ្ឋអាមេរិកសំរាប់អាណត្តិនេះ ប្រកបទៅដោយលទ្ធិប្រជាធិបតេយ្យពេញលេញដែរឬអត់?
លោកទូត៖ អូ!នាយខ្វែក សំរាប់សហរដ្ឋអាមេរិក មិនថាបោះឆ្នោតលើកនេះ ឬបោះឆ្នោតកន្លងមកទេ គឺមហាប្រជាធិបតេយ្យ មហាសេរី គឺមហាសេរី មហាប្រជាធិបតេយ្យផុតកំពូលឯណោះ។
នាយខ្វែក៖ ចុះ! បើការបោះឆ្នោតប្រកបទៅដោយប្រជាធិបតេយ្យ សេរីផុតលេខទៅហើយ ហេតុអ្វីក៏ពេលលទ្ធផលចេញមក លោក ដូណាល់ ត្រាំឈ្នះ ហេតុអ្វីក៏ប្រជាពលរដ្ឋអាមេរិកាំងដែលគាំទ្រអ្នកស្រី ហ៊ីល ឡារី គ្លីនតុន នាំគ្នាធ្វើបាតុកម្មរហូតបង្កទៅជាអំពើហឹង្សាពេញទឹកពេញដីបែបនេះទៅវិញ?
លោកទូត៖ អូ!នាយខ្វែក អានឹងហើយដែលបញ្ជាក់ថា ប្រទេសអាមេរិកជាប្រទេសបិតាប្រជាធិបតេយ្យនោះ។ នាយខ្វែកឯងឃើញទេ ទោះជាមតិភាគច្រើនបោះឆ្នោត ឲ្យលោកត្រាំជាប់ពិតមែន តែមតិភាគតិចដែលមិនគាំទ្រគេមានសិទ្ធិធ្វើបាតុកម្មប្រឆាំងអញ្ចឹងហើយ។
នាយខ្វែក៖ ចុះបើមតិភាគតិចមានសិទ្ធិធ្វើបាតុកម្មប្រឆាំងអ្នកឈ្នះ ដែលមានមតិភាគច្រើនគាំទ្រ ហេតុអ្វីក៏រដ្ឋបាលរបស់លោក អូបាម៉ា ប្រើកំលាំងសមត្ថកិច្ច ទៅបង្ក្រាប វាយ និងចាប់បាតុករធ្វើអី?
លោកទូត៖ អូ!នាយខ្វែក អានេះមកពីពួកបាតុករទាំងអស់នោះមានអ្នកញុះញង់ពីក្រោយ និងប្រើហឹង្សាបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ ដូច្នេះក្នុងនាមអាជ្ញាធរ យើងត្រូវតែមានវិធានការបង្ក្រាប និងចាប់ខ្លួនអញ្ចឹងហើយ ទោះជានៅប្រទេសណាក៏រដ្ឋាភិបាលគេបង្ក្រាបដែរ ដូចនេះសូមបណ្ដាលប្រទេសទាំងឡាយ នៅលើពិភពលោក កុំថ្កោលទោសរដ្ឋាភិបាល សហរដ្ឋអាមេរិកថាផ្ដាច់ការ ឬធ្វើបាបបង្ក្រាបបាតុករឲ្យសោះ។
នាយខ្វែក៖ ចុះនៅកម្ពុជា ជារៀងរាល់ក្រោយបោះឆ្នោតម្ដងៗ គណបក្សចាញ់ឆ្នោតតែងតែនាំគ្នាធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតមិនដែលខាន ហើយថែមទាំងបង្កភាពអនាធិបតេយ្យ ប្រើហឹង្សាបំផ្លាញទ្រព្យសម្បត្តិរដ្ឋ បំផ្លាញទ្រព្យសម្បត្តិសាធារណៈដូចគ្នា តែពេលរាជរដ្ឋាភិបាលកម្ពុជាធ្វើការទប់ស្កាត់ និងបង្ក្រាបដើម្បីស្ដារសណ្ដាប់ធ្នាប់ ហេតុអ្វីក៏បណ្ដាប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិកតែម្ដងនាំគ្នាធ្វើការថ្កោលទោសតែកម្ពុជាទៅវិញ?
លោកទូត៖ អូ!នាយខ្វែក អានេះជារឿងដោយឡែក ហើយវាក៏ជាបទពិសោធន៏សំរាប់សហរដ្ឋអាមេរិកផងដែរ ព្រោះកន្លងមក នៅក្រោយបោះឆ្នោតម្ដងៗ សហរដ្ឋអាមេរិកមិនដែលជួបព្រឹត្តការណ៏គណបក្សចាញ់ឆ្នោតញុះញង់ឲ្យមានការធ្វើបាតុកម្មប្រឆាំងអ្នកឈ្នះឆ្នោតដូចនៅកម្ពុជាទេ។ ឥឡូវសហរដ្ឋអាមេរិកជួបហើយ ដូច្នេះសូមនាយខ្វែកជួយពាំនាំពាក្យទៅរដ្ឋាភិបាលរបស់កម្ពុជាផងថា សហរដ្ឋអាមេរិក សុំសួរយោបល់ពីរដ្ឋាភិបាលរបស់អ្នកឯងថា តើក្រោយបាតុករធ្វើបាតុកម្ម ហឹង្សាប្រឆាំងលទ្ធផលបោះឆ្នោតអញ្ចឹង តើត្រូវបង្ក្រាបយ៉ាងណាបានមានប្រសិទ្ធិភាព ព្រោះសហរដ្ឋអាមេរិកពុំធ្លាប់មានបទពិសោធន៏នេះទេ ដើម្បីស្ដារស្ថិរភាពសង្គម សហរដ្ឋអាមេរិកសុំរៀនសូត្រពីកម្ពុជាផង។
នាយខ្វែក៖ ដោយយោងលើស្ដេកសាច់គោជិតអស់ បាត់វ៉ាយសឺ រនៅសល់បាតដប នាយខ្វែកសុំសួរសំនួរចុងក្រោយថា តើសកម្មភាពពលរដ្ឋភាគតិចរបស់ សហរដ្ឋអាមេរិក ដែលគាំទ្រគណបក្សចាញ់ឆ្នោតនាំគ្នាធ្វើបាតុកម្មប្រើហឹង្សាប្រឆាំង នឹងលទ្ធផលបោះឆ្នោតនឹង តើពួកគេមានធ្លាប់បានមករៀនសូត្រដកស្រង់ បទពិសោធន៏ ជាមួយនឹងគណបក្សប្រឆាំងដែលតែងតែនាំគ្នាធ្វើបាតុកម្មប្រើហឹង្សាប្រឆាំងនឹងលទ្ធផលឆ្នោតនៅកម្ពុជាដែរឬអត់?
លោកទូត៖ នាយខ្វែក..នាយខ្វែកឯង..កុំសួរសំនួរជាន់កែងខ្ញុំពេក...បើមិនរៀនសូត្រតាមធ្វើមេចពលរដ្ឋអាមេរិកាំង ចេះពេលចាញ់ឆ្នោតឡាំប៉ា ធ្វើបាតុកម្មប្រើហឹង្សាដូចគណបក្សចាញ់ឆ្នោតនៅកម្ពុជាទៅកើត។
ឪវា.! ឪវា..! ភ្ញាក់ឡើង មើលទូរទស្សន៏មើលគេផ្សាយថា នៅសហរដ្ឋអាមេរិករដ្ឋាភិបាលអូបាម៉ា បង្ក្រាបបាតុករដែលគាំទ្រ គ្លីនតុន ហើយនាំគ្នាធ្វើបាតុកម្មប្រឆាំង ដូណាលត្រាំឈ្នះឆ្នោត ឮថាមានរបួសច្រើននាក់ និងចាប់ខ្លួនរាប់រយនាក់ឯណោះ។
នាយខ្វែក៖ ចុមកាដុំឆែប...! អញយល់សប្តិ៍សោះវើយ...!...ស្មានតែបានអគ្គរដ្ឋទូតអាមេរិក ហៅទៅសម្ភាសន៏ផ្ដាច់មុខ ហើយបានស៊ីស្តេក ផឹកបាត់វ៉ាសឺរ មែនទែន...! ខំតែអ...៕