(ប៉េកាំង-ចិន)៖ និស្សិតកម្ពុជា ដែលកំពុងសិក្សានៅសាលកវិទ្យាល័យ Tsinghua ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន ហើយត្រូវបានគេដឹងថា ជាសាកលវិទ្យាល័យ ដែលលោកប្រធានាធិបតីចិន ស៉ី ជិនពី និង ហ៊ូ ជិតតាវ ធ្លាប់បានសិក្សានោះ រួមជាមួយនឹងនិស្សិតខ្មែរ ដែលកំពុងសិក្សានៅចិន ចំនួន២៥រូប បានចូលរួមផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ដ៏ល្អផូរផង់របស់ខ្មែរ ក្នុងទិវាវប្បធម៌អន្តរជាតិ លើកទី៨ របស់សាកលវិទ្យាល័យ Tsinghua (Tsinghua University International Cultural Festival)។
លោក ថង សាម៉ុន តំណាងនិស្សិតខ្មែរ ដែលកំពុងសិក្សានៅ សាលកវិទ្យាល័យ Tsinghua បានប្រាប់អង្គភាព Fresh News ពីទីក្រុងប៉េកាំងថា ទិវាវប្បធម៌អន្តរជាតិ លើកទី៨ របស់សាកលវិទ្យាល័យ Tsinghua រៀបចំឡើងរយៈពេលមួយថ្ងៃ គឺថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលនិស្សិតកម្ពុជា២៥រូប ចូលរួមរៀបចំផ្សព្វផ្សាយ និងតាំងបង្ហាញនូវវប្បធម៌របស់ខ្មែរ ជាមួយនឹងនិស្សិត២៨ ប្រទេសផ្សេងទៀត ក្នុងនោះប្រទេសអាស៊ានមាន កម្ពុជា ថៃ វៀតណាម ភូមា សិង្ហបូរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
លោកថា កម្មវិធីនេះរៀបចំក្នុងសាកលវិទ្យាល័យ Tsinghua ជាសាកលវិទ្យាល័យលេខ១ ប្រចាំប្រទេសចិន ហើយនិស្សិតខ្មែរយើងចំនួន៨នាក់កំពុងសិក្សា នៅសាកលវិទ្យាល័យនេះ ហើយទិវាវប្បធម៌នេះ ជាឱកាសឲ្យកម្ពុជាយើង បានផ្សព្វផ្សាយពីអរិយ្យធម៌ វប្បធម៌ ទំនៀមទំលាប់ ការរស់នៅ និងប្រពៃណីដ៏ផូរផង់ និង យូរអង្វែងរបស់ដូនតាយើង ជូនដល់មិត្តភិក្តបរទេស ដើម្បីឲ្យគេបានស្គាល់ និងទៅទស្សនាប្រទេសកម្ពុជា នាថ្ងៃអនាគត។
ក្នុងទិវាវប្បធម៌នោះដែរ និស្សិតកម្ពុជា បានរៀបចំស្តង់តាំងបង្ហាញគំនូរ ចម្លាក់ ប្រាសាទបុរាណខ្មែរ ផលិតផលសូត្រ បង្អែមខ្មែរ ល្បែងប្រជាប្រិយខ្មែរ ក្រដាសប្រាក់រៀលរបស់ខ្មែរ...ជាដើម ដោយទទួលបានការចូលរួមទស្សនa និងចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្តានិស្សិតៗនៃជាតិសាសន៍ដទៃ។
ជាមួយគ្នានេះ និស្សិតរបស់កម្ពុជា ក៏មិនភ្លេចបង្ហាញប្រាប់បរទេស អំពើការរីកចម្រើន ជឿនលឿនលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ចាប់តាំងពីចំណុចសូន្យ រហូតមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ៕