ខណៈរដ្ឋផ្សេងៗនៅអាមេរិកកំពុងធ្វើបាតុកម្មដ៏ក្តៅគគុក ចំណែករដ្ឋ Pennsylvania បែរជាប្រារព្ធពិធីអបអរជ័យជម្នះលោក ត្រាំ យ៉ាងសប្បាយរីករាយ
13-11-2016 11:46
(អាមេរិក)៖ ខណៈទីក្រុងធំជាច្រើនដូចជា វ៉ាស៊ីនតោន, ញូយ៉ក, និង ផតឡេន ជាដើមកំពុងតែធ្វើបាតុកម្មផ្ទុះហិង្សាប្រឆាំងលោក ត្រាំ យ៉ាងក្តៅគគុកនោះ ងាកមករដ្ឋ Pennsylvania ដែលជាជម្រកនៃលោក Fethullah Gulen ដែលប្រទេសតួកគីចោទថា ជាមេក្លោងធ្វើរដ្ឋប្រហារនោះ បានប្រារព្ធពិធីអបអរជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីថ្មី នេះបើតាមសារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
តាមពិតតាមការស្ទង់មតិកន្លងមក សារព័ត៌មាននានាជាពិសេស CNN បានផ្តល់ក្តីសង្ឃឹមខ្លាំងថា រដ្ឋ Pennsylvania ទាំងមូលនឹងបោះឆ្នោតជូនលោកស្រី ហ៊ីលឡារី គ្លីនតុន ប៉ុន្តែអ្វីៗគឺផ្ទុយស្រឡះតែម្តងដោយប្រជាពលរដ្ឋភាគច្រើន បានបោះឆ្នោតជូនលោក ត្រាំ។ ប្រការនេះធ្វើឲ្យវិភាគមួយចំនួនលើកឡើងថា រដ្ឋនេះមានអ្នកបោះឆ្នោត លាក់មុខ «Invsible voters» ដែលពួកគេមិនបានប្រាប់មុនឡើយថា គេនឹងបោះឆ្នោតឲ្យនរណា ដោយរង់ចាំដល់ថ្ងៃបោះតែម្តង។
ដោយឡែកលោក Lou Barletta សមាជិករដ្ឋសភា មកពីគណបក្សសាធារណរដ្ឋវិញ ត្រូវបានគេអះអាងថា បានប្រកាសជោគជ័យនៅទីក្រុង Hazleton នៃរដ្ឋ Pennsylvania តាំងពីមុនលទ្ធផលបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា សម្រាប់រដ្ឋនេះចេញជាផ្លូវការមកម្ល៉េះ៕