(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍ បានណែនាំឲ្យកីឡាករទូក.ង និងភ្ញៀវទេសចរទាំងអស់ ត្រូវចូលរួមសម្អាតបរិស្ថានឲ្យបានស្អាត ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ ព្រមទាំងបានផ្ដាំផ្ញើដល់ក្រុមកីឡាករទូក.ងទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នាជានិច្ច។
ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមកីឡាករដែលត្រៀមខ្លួនចុះប្រណាំងទូក.ងថ្ងៃបើកឆាកដំបូង នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ លោករដ្ឋមន្រ្តី ថោង ខុន បានណែនាំឲ្យក្រុមកីឡាករទាំងអស់ថា «បើហូបទឹក ភេសជ្ជៈ នំចំណី កុំចោលផ្ដេសផ្ដាស ត្រូវច្រកថង់យកមកចោលក្នុងធុងសម្រាមនៅកន្លែងវិញ ត្រូវមានស្មារតីថែរក្សាបរិស្ថាន ចេះសម្អាតអនាម័យទាំងអស់គ្នា យើងត្រូវភ្ញាក់រឭកឡើង ដល់ពេលហើយ ដែលយើងត្រូវគិតគូពីបញ្ហាសម្អាតបរិស្ថាន អនាម័យ ត្រូវចូលរួមទាំងអស់គ្នាឡើង»។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តីក៏បានឧបត្ថម្ភបន្ថែមនូវ ថវិកា អង្ករ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ជូនដល់ក្រុមកីឡាករទូក.ង មកពីស្រុកបារាយណ៍ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ ឲ្យដណ្ដើមយកជ័យជម្នះ ក្នុងការប្រណាំងទូក.ង នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ។
លើសពីនេះ លោករដ្ឋមន្រ្តីក៏បានផ្ដាំផ្ញើដល់ក្រុមកីឡាករទាំងអស់ ត្រូវមានស្មារតីរួបរួមសាមគ្គីក្នុងក្រុម ក៏ដូចជាត្រូវមានសាមគ្គីភាពជាមួយក្រុមកីឡាករដទៃ ដើម្បីឲ្យព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយភាពរលូន និងសប្បាយរីករាយ សំដៅផ្សព្វផ្សាយព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះ ទៅដល់ពិភពលោក រួមចំណែកស្រូបយកកំណើនភ្ញៀវទេសចរអន្តរជាតិបន្ថែម នាឆ្នាំក្រោយៗទៀត។
មិនត្រឹមតែប៉ុណ្ណោះ លោករដ្ឋមន្រ្តី ថោង ខុន ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមដាំដើមគគីរ ក្នុងទីវត្តអារាមនានាឲ្យបានច្រើន យ៉ាងហោចណាស់ ក្នុងមួយវត្តៗគួរតែដាំឲ្យបានយ៉ាងតិច ១០០ដើម ដើម្បីទុកធ្វើទូក.ង សម្រាប់កូនចៅជំនាន់ក្រោយ។
សូមជម្រាបថា ទូក.ងមកពីស្រុកបារាណ៍ ខេត្តកំពង់ធំ របស់ក្រសួងទេសចរណ៍ មានចំនួន ២ទូក៖ ទី១.មានឈ្មោះ «ធនស័ក្តិតេជោសែនជ័យបារមីវត្តបាណក» និងទី២.មានឈ្មោះ «ចតុលោកតេជោសែនជ័យ» ដែលទូក.ងនីមួយៗ ដាក់បានចំណុះរហូតទៅដល់ ៧០នាក់៕