(បន្ទាយមានជ័យ)៖ នៅថ្ងៃសៅទី២៨ ខែមិថុនា ឆ្នាំ២០២៥ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងមីទ្ទីងអបអរសាទរខួប ៧៤ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាគ្រប់ថ្នាក់យ៉ាងមហោឡារឹក នៅទីស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យ។

ក្រោយពីបានស្ដាប់នូវសុន្ទរកថាដ៏មានអត្ថន័យខ្លឹមសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសរំឭកខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា រួចមក លោក កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខ នឹករលឹក អរគុណ កោតសសើរ ប្រគេននិងជូនពរពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស អនុប្រធានបក្សទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធាន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សមាជិក សមាជិកាទាំងអស់ដែលតែងតែចូលរួម និងគាំទ្រដើរតាមមាគ៌ាគោលនយោបាយរបស់គណបក្សគ្រប់កាលៈទេសៈ។

ក្នុងឱកាសនោះដែរលោក កែ គឹមយ៉ាន បានថ្លែងបន្តថា ៧៤ឆ្នាំចាប់ពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជាតែងតែបានរក្សាខ្ជាប់ ឥតប្រែប្រួលនូវអត្តសញ្ញាណ គោលបំណង និងឧត្តមគតិរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន រួមសុខ រួមទុក្ខ ជាមួយប្រជាជន ដើម្បីកសាង ការពារ និងអភិវឌ្ឍប្រទេសកម្ពុជា ជាប្រទេសមួយមានឯករាជ្យភាព សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ជាមួយគ្នានេះ ជាមួយនឹងសមិទ្ធផលរាប់មិនអស់លោក កែ គឹមយ៉ាន ក៏បានណែនាំឲ្យសមាជិកសមាជិកាទាំងអស់ត្រូវបន្តរួមគ្នាជាមហាគ្រួសារតែមួយដើម្បីអភិវឌ្ឍមូលដ្ឋាន និងប្រទេសជាតិយើងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ សណ្តាប់ធ្នាប់សង្គម ការពារជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយផ្អែកលើយន្តការច្បាប់ជាតិ និងអន្តរជាតិ និងចូលរួមការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ យកចិត្តទុកដាក់ពង្រឹងការពារបន្ទាត់ព្រំដែន សម្របសម្រួលដល់ប្រជាពលរដ្ឋត្រលប់មកពីថៃ បង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ភូមិ ឃុំ សុវត្ថិភាព និងបន្តដោះស្រាយរាល់សំណូមពរ និងតម្រូវការរបស់ ប្រជាពលរដ្ឋជាដើម។ល៕