(ភ្នំពេញ)៖ គិតត្រឹមរយៈពេល១០ខែ ដើមឆ្នាំ២០១៦ ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា តាមផ្លូវអាកាស មានជាង២លាន៤សែននាក់ ក្នុងកំណើន ៩.២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥, នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា។
ទិន្នន័យរបស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) បានបញ្ជាក់ថា «ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា តាមរយៈអាកាសយានដ្ឋានទាំង៣ មានចំនួនសរុប ២,៤២៦,៩៧២នាក់ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥ គឺកើនឡើង ៩.២៦ភាគរយ»។
ទិន្នន័យខាងលើបានបន្តថា ក្នុងឆ្នាំ២០១៥ ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា តាមរយៈអាកាសយានដ្ឋានទាំង៣ មានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានកងកេង ខេត្តព្រះសីហនុ មានចំនួនសរុប «២,២២១,២០២នាក់»។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះថា «ទោះជាកំណើនភ្ញៀវអន្តរជាតិនេះ មិនច្រើន តែក៏មិនតិចប៉ុន្មានដែរ ដែលលទ្ធផលនេះ គឺដោយសារស្ថានភាពប្រទេសកម្ពុជា ឋិតក្រោមពន្លឺនៃសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជា ឲ្យមានភាពលេចធ្លោរ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ជាមួយដៃគូអន្តរជាតិនានា»។
លោករដ្ឋមន្រ្តី ថោង ខុន បានបន្ថែមថា ការតភ្ជាប់ជើងហោះហើរត្រង់ពី កម្ពុជាទៅកាន់តំបន់ទេសចរធំៗ នៅក្រៅប្រទេស ក៏ជាកត្តារួមចំណែកធំមួយដែរ ដែលកាលពីមុន ភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្ពុជា មិននឹងមកដល់ត្រូវចុះចត នៅប្រទេសជិតខាងសិន ដូចជាថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ជាដើម តែក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាមានជើងហោះហើរត្រង់ជាច្រើន ដែលជាមធ្យោបាយដ៏ប្រសើរបំផុត ហើយបាននិងកំពុងតភ្ជាប់បន្ថែម ទៅកាន់ប្រទេសមួយចំនួនទៀតផងដែរ។
សូមជម្រាបថា ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០១៦ ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា មានចំនួន ៣,១៦២,៩០៧នាក់ កើនឡើង ៤.៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥។ ដោយឡែក ក្នុងឆ្នាំ២០១៦នេះ កម្ពុជារំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥លាននាក់៕