(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា នឹងជួបប្រកួតមិត្តភាពអន្តរជាតិចុងក្រោយ ទល់នឹងម្ចាស់ផ្ទះសិង្ហបុរី នាម៉ោង ៦៖៤៥នាទីក្បាលព្រលប់ម៉ោងនៅកម្ពុជា ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំថ្ងៃទី១ នៃពិធីបុណ្យអុំទូក។
កម្ពុជា បានយកឈ្នះសិង្ហបុរី ២-១ ក្នុងមិត្តភាពដូចគ្នាកាលពីខែកក្កដា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិក្រោមដំណក់ទឹកភ្លៀង ដែលជាការបំបែកប្រវត្តិសាស្រ្តថ្មី មុនមកឈ្នះ ២-០ ទៅលើជម្រើសយុវជន U-22 សិង្ហបុរី ក្នុងមិត្តភាពយប់ទៀត។
ការជួបគ្នា ៦ប្រកួតកន្លងមក កម្ពុជាចាញ់សិង្ហបុរី ក្រោមលទ្ធផល ២-១ ១-០ ៤-០ ៤-២ ៣-០ និងលទ្ធផល ៥-០។
តែយ៉ាងណាមិញ ៦ប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជាក៏មិនធម្មតាដែរ ពោលគឺមិនដែលចាញ់ឡើយ ក្រៅពីស្មើ ០-០ មិត្តភាពទល់នឹងក្រុមណាហ្គាវើល និងឈ្នះ៥ដងទៅក្រុមឡាវ ២-១ ឈ្នះប្រ៊ុយណេ ៣-០ និងបន្តឈ្នះទីម័រឡេស្តេ ២-១ ក្នុងវគ្គជម្រុះ AFF Suzuki Cup 2016 និងឈ្នះភ្នំពេញក្រោន ៣-១ ក្នុងមិត្តភាពជាតិ មុនមកឈ្នះ U-22 សិង្ហបុរី ២-០ យប់មិញទៀត។
សូមរំឮកថា ការប្រកួតមិត្ដភាពនៅលើទឹកដីសិង្ហបុរីនេះ គឺជាការកម្ដៅសាច់ដុំលើកចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា បន្ទាប់មកនឹងធ្វើដំណើរទៅ ប្រទេសមីយ៉ាន់ម៉ាតែម្ដង ដើម្បីត្រៀមប្រកួតពាន AFF Suzuki Cup 2016 វគ្គចែកពូល ដែលនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២០-២៦ ខែវិច្ឆិកាខាងមុខនេះ ដោយកម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុមជម្រើសជាតិវៀតណាម ម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា៕