(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងពិសារភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ខាងក្រោមជាប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងនូវការកោតសរសើរចំពោះកិច្ចសហការ ក្នុងការរៀបចំកម្មវិធីនេះ ដើម្បីអបអរសាទរ «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម លើកទី ២ ឆ្នាំ២០២៥» ក្រោមប្រធានបទ «ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និង មធ្យម សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច»។ ការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានគោលដៅលើកកម្ពស់ និង ផ្តល់តម្លៃដល់វិស័យសហគ្រាសធុនមីក្រូ, តូច និង មធ្យម ដែលជាមូលដ្ឋានគ្រឹះ និង កម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ ប្រកបដោយភាពធន់, ចីរភាព និង បរិយាបន្ន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យនេះគ្របដណ្តប់សកម្មភាពសេដ្ឋកិច្ចចម្រុះ ដោយបង្កើតការងារ, មុខរបរ, បង្កើនប្រាក់ចំណូល, កាត់បន្ថយចំណាកស្រុក, ជួយប្រជាជនងាយរងគ្រោះឱ្យមានលំនឹងជីវភាព, ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពសង្គម-សេដ្ឋកិច្ច និង រួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។

* សមិទ្ធផល និង វឌ្ឍនភាពផ្នែកសង្គម-សេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានក្នុងពេលជាង ២ទសវត្សរ៍នេះ បានបង្កើតនូវមោទនភាពជាតិថ្មីមួយទៀត នោះគឺការឈានឆ្ពោះទៅការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ។ សហគ្រាសធុនមីក្រូ តូច និង មធ្យម ពិតជាបានរួមចំណែកយ៉ាងសកម្ម ហើយនឹងត្រូវមានតួនាទីគន្លឹះក្នុងដំណើរឆ្ពោះទៅគោលដៅនេះ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបន្តទទួលបានកំណើនការវិនិយោគផ្ទាល់ពីបរទេសខ្ពស់ ហើយកំណើនក្នុងវិស័យឧស្សាហកម្មកំពុងឈានមុខគេ និងអាចសម្រេចបានក្នុងរង្វង់ប្រមាណ ៧,៨% ក្នុងឆ្នាំ២០២៥ និន្នាការនេះ បានផ្តល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់សហគ្រាសធុនមីក្រូ តូច និង មធ្យម ក្នុងការចូលរួមពង្រីកពិពិធកម្មសេដ្ឋកិច្ច និង ផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ ផ្គត់ផ្គង់ តំបន់ និង ពិភពលោក ដែលកំពុងត្រូវការធាតុចូលពីក្នុងស្រុកកាន់តែច្រើន និង ការបង្កើនតម្លៃបន្ថែម ដែលកាន់តែមានសក្តានុពល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សហគ្រាសធុនមីក្រូ, តូច និង មធ្យម បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតផ្គត់ផ្គង់ និង ផ្តល់សេវា ហើយកំពុងខិតខំអភិវឌ្ឍខ្លួនឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ, ជាពិសេសគឺរបត់នៃការប្រែប្រួលលក្ខខណ្ឌតម្រូវរបស់ទីផ្សារ, លក្ខខណ្ឌតម្រូវផ្នែកបរិស្ថាន និង ការវិវត្តដ៏លឿននៃបច្ចេកវិទ្យា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិកន្លងទៅ, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និង វិធានការគាំទ្រនានា ដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ, តូច និង មធ្យម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា មានឆន្ទៈ និង ការប្ដេជ្ញាមោះមុត ក្នុងការបន្តអនុវត្តគោលនយោបាយ, រៀបចំយន្តការគាំទ្រ និង ការលើកទឹកចិត្តថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យនេះ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍសហ-គ្រាសធុនមីក្រូ, តូច និង មធ្យម ក្រសួង-ស្ថាប័ន និង វិស័យឯកជន រួមទាំងគ្រឹះស្ថានហិរញ្ញវត្ថុ ក៏បានរៀបចំយន្តការជាក់ស្តែង ដើម្បីកែលម្អបរិយាកាសធុរកិច្ច និង គាំទ្រដោយផ្ទាល់ដល់សហគ្រាសក្នុងស្រុក។ បរិវត្តកម្មឌីជីថលបានសម្រួលដល់ការចុះបញ្ជីពាណិជ្ជកមុ្ម, ចុះបញ្ជីពន្ធដារ, ការស្នើសុំប្រកាសបង្កើត និង ដំណើរការអាជីវកម្មនានា ដោយកាត់បន្ថយពេលវេលា និង ការចំណាយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ បានរួមចំណែកសម្រួលដល់ការធ្វើប្រតិបត្តិការរបស់សហគ្រាសធុនមីក្រូ, តូច និង មធ្យម តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគង និង ស្តង់ដាខេអេចឃ្យូអរ (KHQR) ដែលគាំទ្រ និង ជំរុញការរីកចម្រើននៃអាជីវកម្មខ្នាតតូច និង អនឡាញ។ ជាមួយគ្នានេះ គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុបានបើកគណនី និង ផ្តល់ជា QR Code ប្រមាណជាង ១,៥លាននាក់ សម្រាប់បុគ្គលស្វ័យនិយោជន៍។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រព័ន្ធទូទាត់ក៏ត្រូវបានតភ្ជាប់ជាមួយប្រទេសនានា ក្នុងតំបន់ដូចជា៖ ថៃ, ម៉ាឡេស៊ី, វៀតណាម, ឡាវ ជាដើម ដែលការតភ្ជាប់នេះអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ, តូច និង មធ្យម ទទួលបានការទូទាត់របស់ភ្ញៀវទេសចរ ដោយងាយស្រួលផងដែរ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ សម្រួលដល់ការបើកគណនីសន្សំ និង ផ្តល់សេវាហិរញ្ញវត្ថុជូនសហគ្រាសធុនមីក្រូ, តូច និង មធ្យម និង បុគ្គលស្វ័យនិយោជន៍សម្រាប់ប្រតិបត្តិការអាជីវកម្ម ។ ជាក់ស្តែង, ចំនួនអ្នកខ្ចីឥណទានដែលជាសហគ្រាសធុនមីក្រូ, តូច និង មធ្យម បានកើនឡើងដល់ ៨២០ ៩៨៧នាក់ គិតជាទឹកប្រាក់ប្រមាណ ៨៥ ៣៣០ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២១,៣ ប៊ីលានដុល្លារអាម៉េរិក) ដែលមានសមាមាត្រស្មើនឹង ៣៦,៣% នៃឥណទានសរុបនៃប្រព័ន្ធធនាគារ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាក៏កំពុងខិតខំអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង បន្តចរចាកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា ដោយបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើននៅទូទាំងប្រទេស ដើម្បីគាំទ្រឱ្យសហគ្រាសធុនមីក្រូ, តូច និង មធ្យម អាចផ្សារភ្ជាប់ទៅខ្សែច្រវាក់តម្លៃតំបន់ និង សកល, បណ្តាញបោះដុំតាមផ្សារ ឬ បណ្តាញចែកចាយផលិតផលតាមសណ្ឋាគារ និង ភោជនីយដ្ឋានសំខាន់ៗ រួមទាំងថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត (e-commerce) ផងដែរ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យន្តការ និង ការគាំទ្រទាំងនេះ មិនមែននៅតែលើក្រដាសទេ តែពិតជាបានផ្តល់ដំណោះស្រាយជាក់ស្តែង ដែលនាំសហគ្រាសធុនមីក្រូ តូច និង មធ្យមមួយចំនួន ដែលពីមុនធ្លាប់តែនៅក្រៅឆាក ឱ្យក្លាយជាតួអង្គសំខាន់នៅលើឆាកសេដ្ឋកិច្ចកម្ពុជា ។ ដូច្នេះ, សាររបស់ខ្ញុំសម្រាប់បងប្អូនជាម្ចាស់សហគ្រាសធុនមីក្រូ តូច និង មធ្យម គឺ «រាជរដ្ឋាភិបាលនៅជាមួយបងប្អូនជានិច្ច»។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង១៧៖៥៣នាទីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕