(បន្ទាយមានជ័យ)៖ ស្រ្តីខ្មែរ២នាក់ដែលទាហានថៃឃាត់ខ្លួន កាលពី២ថ្ងៃមុននោះ នៅពេលនេះត្រូវបានដោះលែងវិញហើយនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ រួមជាមួយមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីមានការឃាត់ខ្លួនស្រ្តីខ្មែរ២នាក់ដោយទាហានថៃ និងតាមការណែនាំជាប់ជាប្រចាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, អាជ្ញាធររបស់លោក និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីធ្វើការដោះស្រាយជាមួយភាគីថៃ រហូតពួកគេបានដោះលែងស្រ្តីទាំង២នាក់ ត្រឡប់មកវិញនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
បើតាមលោក អ៊ុំ រាត្រី, ស្ត្រីពិការដៃឈ្មោះ អោម វណ្ណារី អាយុ៤៥ឆ្នាំ និងលោកស្រី ផូ ឌីណា អាយុ៥០ឆ្នាំ ដែលអ្នកទាំង២នាក់ មានស្រុកកំណើតនៅបាត់ដំបង។
សូមបញ្ជាក់ថា ស្រ្តីខ្មែរទាំង២នាក់ ត្រូវទាហានថៃឃាត់ខ្លួន ពេលតវ៉ានៅច្រកព្រំដែនអន្ដរជាតិខ្លងលឹក ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែទាហានថៃ មិនព្រមបើកច្រកឲ្យចេញមកប្រទេសកម្ពុជាវិញ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។
យោងតាមសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយថា ស្រ្ដីខ្មែរ២នាក់ ដែលធ្វើការនៅប្រទេសថៃ ត្រូវបានទាហានថៃឃាត់ខ្លួន នៅពេលដែលពួកគាត់តវ៉ា នៅច្រកទ្វារអន្ដរជាតិខ្លងលឹក ទល់មុខនឹងច្រកទ្វាអន្ដរជាតិប៉ោយប៉ែត ដើម្បីត្រៀមធ្វើដំណើរឆ្លងមកប្រទេសកម្ពុជាវិញ ប៉ុន្ដែត្រូវបានទាហានថៃ មិនបើកច្រកឲ្យតាំងពីព្រឹករហូតដល់៧ជាងយប់៕