(ព្រះវិហារ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញមកអះអាងដោយចាត់ទុក លោកស្រី ផែ ថងថានស៊ីណាវ៉ាត់ ជាអ្នកប្រព្រឹត្តអំពើក្បត់ជាតិថៃ ព្រោះតែការវាយប្រហារធ្ងន់ៗទៅលើ មេបញ្ជាការយោធភូមិភាគទី២ នៅក្នុងកិច្ចសន្ទនាជាមួយសម្ដេច កាលពីពេលកន្លងទៅលើបញ្ហាព្រំដែនកម្ពុជា-ថៃ។

ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សា នៅខេត្តព្រះវិហារ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថា នៅពេលនាយករដ្ឋមន្ដ្រីប្រទេសមួយ សន្ទនាជាមួយអ្នកដទៃដែលជាជនបរទេស ហើយជនបរទេសនោះ គឺជាសម្ដេចដែលមិនមែនជាជាតិសាសន៍ថៃ ដោយវាយប្រហារទៅលើមេទ័ពរបស់ខ្លួន ដើម្បីយកចិត្តបរទេស គឺជាទង្វើក្បត់ជាតិ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដើម្បីតម្រូវចិត្ត ហ៊ុន សែន លោកជំទាវ (នាយករដ្ឋមន្ដ្រីថៃ) សុខចិត្តជេរមេទាហានខ្លួនឯង។ តើនេះនៅប្រទេសថៃចាត់ទុកយ៉ាងមិចមិនដឹងទេ? តែបើនៅកម្ពុជា គឺទោសក្បត់ជាតិតែម្ដង ឃុបឃិតជាមួយបរទេសជេរមេទាហានខ្លួនឯង [...] ត្រង់ប្រទេសថៃចាត់ទុករឿងបែបនេះ ជារឿងធម្មតាជារឿងរបស់ថៃ ប៉ុន្ដែកម្ពុជាមិនអនុញ្ញាតឲ្យអ្នកបន្ទោសបង្អាប់កម្លាំងប្រដាប់អាវុធខ្លួនឡើយ»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, តាំងពីដើមរហូតមកដល់ពេលនេះ សម្ដេចមិនដែលនិយាយម្ដងណាសោះពាក់ព័ន្ធជាមួយមេបញ្ជាការភូមិភាគទី២របស់ថៃ ទើបតែថ្ងៃនេះប៉ុណ្ណោះ។ មូលហេតុដែលសម្ដេចមិនដែលនិយាយអំពីមេទ័ពថៃរូបនេះ ដោយសារសម្ដេចយល់អំពីការតាំងចិត្តក្នុងនាមជាមេទ័ពការពារប្រទេស ព្រោះមិនថាមេទ័ពកម្ពុជា ឬមេទ័ពប្រទេសណាឡើង ត្រូវតែមានចរិកមិនអាចឱនបានឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា តាមរយៈមន្ដ្រីជំនាញការរបស់សម្ដេច ភាគីថៃបានលួចបង្ហើបថា នៅពេលអំណាចនាយករដ្ឋមន្ដ្រីថៃ ផែថងថាន រឹងមាំហើយនោះ មេទ័ពភូមិភាគ២រូបនេះអាចនឹងមានទោសជាប់ពន្ធនាគារថែមទៀតផង។ ដោយឡែក សម្រាប់ខ្លួនសម្ដេចផ្ទាល់វិញ គឺមិនបានប្រមាថ ឬប៉ះពាល់មេទ័ពថៃណាម្នាក់ឡើយ។ ប៉ុន្ដែសម្ដេចងឿងឆ្ងល់ថា ហេតុអ្វីបានជានាយករដ្ឋមន្ដ្រីថៃ ហ៊ានប្រមាថមេទ័ពរបស់ខ្លួនដើម្បីបំពេញចិត្តសម្ដេចទៅវិញ ក្នុងពេលដែលសម្ដេចមិនត្រូវការដឹងរឿងផ្ទៃក្នុងរបស់ថៃបន្ដិចណាឡើយ។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានផ្ញើសារទៅនាយករដ្ឋមន្ដ្រីថៃប្រើពាក្យថា «លោកជំទាវកុំប្រើពាក្យតាក់ទិច ឬយុទ្ធសាស្ដ្រ» ក្នុងការចរចាជាមួយកម្ពុជាលើបញ្ហាព្រំដែន ដើម្បីពន្យល់ទៅកាន់ប្រជាពលរដ្ឋខ្លួនព្រោះវាមិនអាចទៅរួចឡើយ ចំពោះការប្រព្រឹត្តទង្វើប្រមាថមេទ័ពខ្លួនបែបនេះ។ សម្ដេចបានផ្ដាំទៅនាយករដ្ឋមន្ដ្រីថៃថា «លោកជំទាវស្គាល់ ហ៊ុន សែន តិចពេកហើយ» ដែលយកយុទ្ធសាស្ដ្រនេះបោកបញ្ឆោតសម្ដេចដើម្បីចរចានោះ៕

</p