(ភ្នំពេញ)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប សុំការអធ្យាស្រ័យពី ប្រជាពលរដ្ឋអំពីភាពយឺតយ៉ាវក្នុងការជួសជុល ស្ថាបនាផ្លូវផ្សារដើមក្រឡាញ់ ព្រោះផ្លូវនេះ មានអាទិភាព ណាស់ក្នុងឆ្នាំ២០១៧ ដូច្នេះហើយទើបអាជ្ញាធរខេត្តបានជម្រុញឲ្យមន្ទីរជំនាញ ធ្វើការជម្រុញក្នុងការជួសជុល ដោយធ្វើការចាក់ក្រាលកៅស៊ូប្រភេទ DBST និងដាក់ប្រព័ន្ធលូបង្ហូរទឹក ព្រមទាំងដាក់ភ្លើងបំភ្លឺជាសាធារណៈ តាមដងផ្លូវនេះផងដែរ។
ការថ្លែងអធ្យាស្រ័យរបស់លោកអភិបាលខេត្ត បែបនេះត្រូវបានធ្វើឡើង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងឱកាសបើកការដ្ឋានជួសជុលផ្លូវ ចូលផ្សារដើមក្រឡាញ់ ប្រវែង១,៧២៥ម៉ែត្រ មានទទឹង៩ម៉ែត្រ ស្ថាបនាចាក់កៅស៊ូពីរជាន់ (DBST) រួមទាំងធ្វើការ រៀបចំដាក់ប្រព័ន្ធលូបង្ហូរទឹកភ្លៀង១ខ្សែ និងលូកាត់ទទឹងផ្លូវ២០កន្លែង ក្រោមគម្រោងថវិកា របស់សាលាខេត្តសៀមរាប ប្រចាំឆ្នាំ២០១៧ ដែលតភ្ជាប់ពីផ្លូវកូម៉ៃទី ភ្ជាប់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតនៅភូមិទកិ្សណ សង្កាត់គោកចក ក្រុងខេត្តសៀមរាប។ ពិធីនេះក៏មានការចូលរួមពី លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាសមាជិក ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ចៅសង្កាត់ រួមទាំងប្រជាពលរដ្ឋជាច្រើនរូប ផងដែរ។
លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ផ្លូវចូលផ្សារដើមក្រឡាញ់ ជាផ្លូវមេមួយក្នុងចំណោមផ្លូវមេក្នុងក្រុងសៀមរាប ម៉្យាងទៀតកំណាត់ផ្លូវនេះ ក៏ជាផែនការគម្រោងឆ្នាំ២០១៧ របស់សាលាខេត្តសៀមរាប ហើយគម្រោងជាច្រើនក្នុងក្រុង នឹងធ្វើការបើកការដ្ឋាន ជាបន្តបន្ទាប់ផងដែរ។ លោកថា កំណាត់ផ្លូវនេះ លាតសន្ធឹងពីផ្លូវកូម៉ៃ ក្រោយមន្ទីរពេទ្យគន្ធបុប្ផា ទៅដល់កំណាត់ ផ្លូវចយការខាងលិច មានប្រវែង១,៧២៥ម៉ែត្រ ទទឹង៩ម៉ែត្រ រួមទាំងធ្វើចញ្ចើមផ្លូវ និងសាងសង់លូកាត់ផ្លូវប្រវែង១,៧២៥ម៉ែត្រ និងដាក់លូឆ្លងកាត់ផ្លូវ ដោយធ្វើការចាក់កៅស៊ូពីរជាន់ (DBST) រួមទាំងធ្វើការដាក់បង្គោលភ្លើង បំភ្លឺផ្លូវពេលរាត្រី។
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ក៏បានលើកឡើងអំពីគម្រោងជាច្រើន របស់សាលាខេត្តសៀមរាប ក្នុងការជួសជុល និងស្ថាបនាផ្លូវនៅក្នុងក្រុងប្រវត្តិសាស្ត្រសៀមរាប ជាប្រភេទផ្លូវចាក់បេតុង ផ្លូវចាក់កៅស៊ូ (DBST)ឬ ចាប់បេទីមផងដែរ។ លោកអភិបាលខេត្ត បានលើកឡើងពីអនុសាសន៍មួយចំនួន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវ ពីការគិតគូរខ្ពស់ ប្រកបដោយចក្ខុវិស័យ ដើមី្បវឌ្ឍនភាពសង្គម កំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍លើគ្រប់វិស័យ សំខាន់ដោយខេត្តសៀមរាប ជាខេត្តនៃគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើពិភពលោកចូលមកទស្សនាកម្សាន្ត។
លោកអភិបាលខេត្ត បញ្ជាក់ថា ពិធីសម្ភោធបើកការដ្ឋានជួសជុលផ្លូវមួយខែ្សនេះ ក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័នរូបវ័ន្តរបស់ខេត្ត ក្នុងស្ថានភាពបច្ចុប្បន្ន សេដ្ឋកិច្ច មនុស្ស និងការកើនឡើងចរាចរណ៍យ៉ាងគំហុក ព្រមទាំងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និងជួយសម្រួល ការកកស្ទះចរាចរណ៍ដឹកជញ្ជូន ព្រមទាំងលើកនូវសោភណ្ឌភាពក្រុង ឲ្យស្រស់ត្រកាលទៀតផង។
ជាមួយគ្នានេះដែរ លោកក៏បានសំណូមពរ និងការអធ្យាស្រ័យចំពោះប្រជាពលរដ្ឋមានលំនៅដ្ឋាន នៅតាមដងផ្លូវនេះ នៅពេលការស្ថាបនា ជួសជុលផ្លូវរបស់ក្រុមវិស្វកម្ម តែងមានការប៉ះពាល់ដល់ការរស់នៅរបស់បងប្អូន អំពីសុខភាព អនាម័យ ក៏ប៉ុន្តែនៅពេលផ្លូវនេះរួចរាល់ហើយនោះ ផ្លូវនេះនឹងជួយសម្រួលដល់ភាពកកស្ទះចរាចរណ៍ ព្រមទាំងបានលើកនូវ សោភណ្ឌភាពក្រុងបុរាណទៀតផង។ បន្ថែមពីនេះ លោកក៏បានលើកនូវ អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះបញ្ហាការយកដី ផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធ និងសាងសង់លំនៅដ្ឋាន នោះរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្តមិនអនុញ្ញាតឲ្យរស់នៅទីនោះឡើយ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង នូវសោភណ្ឌ បង្កភាពអាណាធិបតេយ្យ និងបង្កអសន្តិសុខទៀតផង។
ជាចុងក្រោយ លោកអភិបាលខេត្តសៀមរាប សូមឲ្យពលរដ្ឋត្រូវចូលរួមសហការជាមួយ អាជ្ញាធរមន្ត្រី ជំនាញ ក្នុងការស្ថាបនាជួសជុលនេះ ដើមី្បបម្រើដល់ផលប្រយោជន៍ សង្គមជាតិទាំងអស់គ្នា ហើយចំពោះបញ្ហាបណ្តាញខ្សែភ្លើង ខ្សែទូរស័ព្ទ ដែលបានឆ្លងកាត់លើដងផ្លូវ ដែលគ្មានសណ្តាប់ធ្នាប់នោះ សូមឲ្យម្ចាស់ក្រុមហ៊ុនពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការរុះរើជាបន្ទាន់ អាជ្ញាធរខេត្តមិនអនុញ្ញាតឲ្យដាក់ ឆ្លងកាត់ដងផ្លូវតទៅទៀតឡើយ បើមិនដូច្នោះទេអាជ្ញាធរខេត្ត-ក្រុង នឹងធ្វើការកាត់ផ្តាច់ដោយមិនបានទទួលខុសត្រូវឡើយ៕