(ភ្នំពេញ)៖ ទីបំផុតកម្ពុជា បានរកឃើញហើយនូវអង្ករក្រអូប ផ្កាយរំដួល ៣សំណាកដើម្បីយកទៅចូលរួមប្រកួតប្រជែង អង្ករឆ្ងាញ់ជាងគេនៅលើពិភពលោក ដែលត្រូវប្រារព្ធឡើងនៅខេត្តឈៀងម៉ៃ ប្រទេសថៃ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
នៅថ្ងែនេះ សហព័ន្ធស្រូវអង្ករកម្ពុជា និង សហព័ន្ធចុងភៅកម្ពុជា សម្រេចបានសំណាកអង្ករដែលចាត់ទុក ជាផលិតផលល្អប្រចាំឆ្នាំនេះ សម្រាប់យកទៅចូលរួមប្រកួតប្រជែងនៅសន្និសីទស្រូវអង្ករពិភពលោកលើកទី៨។
សហព័ន្ធស្រូវអង្ករបាបញ្ជាក់ថា ក្នុងចំណោមសំណាកអង្ករទាំង១១ ដែលរោងម៉ាស៊ីន អ្នកនាំចេញ និង សហគមន៍កសិកម្ម បានផ្ញើមកសម្រាប់ការធ្វើតេស្តនិងវាយតម្លៃ តាមរយៈដាក់ពិន្ទុដោយប្រុងប្រយ័ត្ន គណៈកម្មការសម្រាប់បានសំណាក៤ មុនការធ្វើតេស្តនិងវាយតម្លៃឡើងវិញ ដើម្បីដាក់ចំណាត់លេខ១ដល់លេខ៣ ដែលជាសំណាកយកទៅប្រកួតជាលក្ខណៈអន្តរជាតិ។
លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និង ជាតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ក្រោយការវាយតម្លៃដោយយកចិត្តទុកដាក់ផ្អែកតាមលក្ខណៈវិនិច្ឆ័យដ៏តឹងតែង គណៈកម្មការវាយតម្លៃ បានសម្រេចយកសំណាកអង្ករចំនួន៣ ដែលសមាជិករបស់សហព័ន្ធបានផ្ញើមកពីតាមបណ្តាខេត្តនានា សម្រាប់ត្រៀមប្រកួតប្រជែងនៅពេលខាងមុខដ៏ខ្លីនេះ។
លោកឧកញ៉ា បានអះអាងថា សំណាកអង្ករទាំងនោះជាផលិតផលរបស់ជាតិ ហើយត្រូវបានលេខាធិការដ្ឋានរបស់សហព័ន្ធចុះលេខកូដ យ៉ាងប្រុងប្រយ័ត្ននិងសម្ងាត់បំផុត បន្ទាប់ពីទទួលបានពីសមាជិក ដើម្បីធានាដល់ការជ្រើសរើសប្រកបដោយសុក្រិត្យភាព និង ផ្អែកតាមពិន្ទុខ្ពស់ជាងគេ តាមរយៈវាយតម្លៃដោយចុងភៅចំណានៗមកពីសណ្ឋាគារនិងហាងធំៗនៅកម្ពុជា និង អ្នកនាំចេញដ៏មានបទពិសោធន៍។
សំណាកគំរូទាំងនេះនឹងត្រូវនាំយកទៅកាន់ សន្និសីទស្រូវអង្ករពិភពលោកលើកទី៨ ដែលប្រារព្ធឡើងនៅខេត្តឈៀងម៉ៃ ប្រទេសថៃ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៦នេះ។
សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា នៅក្នុងសន្និសីទស្រូវអង្ករពិភពលោកនោះ លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើបទបង្ហាញ ដល់ភ្ញៀវអន្តរជាតិ ដោយភាគច្រើនជាក្រុមហ៊ុន នាំចេញអង្ករនិងអ្នកផលិតអង្ករលំដាប់ពិភពលោក អំពីសក្តានុពលអង្ករកម្ពុជា និង បញ្ហាពាក់ព័ន្ធនានា ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។
ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហព័ន្ធចុងភៅកម្ពុជា ដែលបានចំណាយពេលវេលា និង កិច្ចខិតខំទាំងឡាយ ដើម្បីជ្រើសរើសអង្ករសម្រាប់ការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិរៀងរាល់លើក។ គណៈកម្មការធ្វើតេស្តនិងវាយតម្លៃ បានសំដែងសុទិដ្ឋិយមថា អង្ករកម្ពុជាមានលក្ខណៈសម្បត្តិជាច្រើន អាចជាប់ជាអង្ករល្អបំផុតក្នុងពិភពលោកជាថ្មីទៀត។
សូមជម្រាបថា អង្ករកម្ពុជាធ្លាប់ទទួលបានជយលាភីជាអង្ករល្អបំផុតលើពិភពលោក៣ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១២ ២០១៣ និង ២០១៤៕