(ភ្នំពេញ)៖ ការប្រកួតលក្ខណៈមិត្តភាពក្រៅផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិមអាយុ ២២ឆ្នាំសិង្ហបុរី(U-22) បានបញ្ចប់ហើយ ដោយក្រុមគោព្រៃកម្ពុជា ទទួលបានជ័យជម្នះ លើក្រុមម្ចាស់ផ្ទះសិង្ហបុរី ដោយលទ្ធផលបច្ចេកទេស ២-០ ដែលធ្វើសម្រេចដោយកីឡាករ កែវ សុខផេង មកពីក្លឹបភ្នំពេញក្រោន និងកីឡាករ ចាន់ វឌ្ឍនាកា មកពីក្លឹបបឹងកេតអង្គរ ។
គួរបញ្ជាក់ថា នេះគ្រាន់តែជាការប្រកួតដកស្រង់បច្ចេកទេសប៉ុណ្ណោះ គ្រាដែលការប្រកួតមិត្តភាពផ្លូវការរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិសិង្ហបុរី នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកាស្អែកនេះ នៅលើទឹកដីសិង្ហបុរីដដែល ដែលនឹងចាប់ផ្ដើមនាវេលាម៉ោង ៦ល្ងាច ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រកួតពាន AFF Suzuki Cup 2016 នៅប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខ ។
ជំនួបសមជើងជាមួយក្រុម U-22សិង្ហបុរីនេះ ប្រមាណជាង ៧៥នាទីដំបូង គេឃើញក្រុមគោព្រៃកម្ពុជា មិនមានវត្តមានកីឡាករឆ្នើមៗមួយចំនួនដូចជា ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, កែវ សុខផេង ឬ ច្រឹង ពលរដ្ឋ នោះទេ ហើយលទ្ធផលក៏នៅតែរក្សាស្មើគ្នា ០-០ ដែរ ប៉ុន្ដែក្រោយលោក Lee Tae Hoon ដាក់ពួកគេចូលភ្លាម កម្ពុជាក៏រកបានគ្រាប់បាល់ ជ័យជម្នះតែម្ដង ដែលធ្វើសម្រេចដោយ កែវ សុខផេង នៅនាទី៨១ និងកីឡាករ ចាន់ វឌ្ឍនាកា នៅនាទី៨៩ ។
សូមរំឮកថា ការប្រកួតមិត្ដភាពនៅលើទឹកដីសិង្ហបុរីនេះ គឺជាការកម្ដៅសាច់ដុំលើកចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា បន្ទាប់មកនឹងធ្វើដំណើរ ទៅប្រទេសមីយ៉ាន់ម៉ាតែម្ដង ដើម្បីត្រៀមប្រកួតពាន AFF Suzuki Cup 2016 វគ្គចែកពូល ដែលនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២០-២៦ ខែវិច្ឆិកាខាងមុខនេះ ដោយកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមជម្រើសជាតិវៀតណាម ម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា៕