Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខេត្តបាត់ដំបង អនុញ្ញាតឱ្យអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយបញ្ចប់អាណត្តិបេសកកម្ម

26-06-2025 15:25

(បាត់ដំបង)៖ ថ្នាក់ដឹកនាំខេត្តបាត់ដំបង ដឹកនាំដោយលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាត ឲ្យអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ដឹកនាំដោយលោក ង្វៀន ថាញ់ វ៉ាន់ អគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង រួមនឹងប្រតិភូអមដំណើរ អញ្ជើញជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង ព្រមទាំងបានជម្រាបលា ក្រោយពីបានបញ្ចប់អាណត្តិបេសកកម្ម នៅប្រទេសកម្ពុជា នៅសាលាប្រជុំសាលា ខេត្តបាត់ដំបង។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជនកម្ពុជាខេត្ត បាត់ដំបង លោក សុខ លូ បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែង
អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះស្មារតីស្រឡាញ់រាប់អានរបស់ថ្នាក់ដឹកនាំ នៃគណៈប្រតិភូអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានឆ្លៀតពេលវេលា អញ្ជើញមកសម្តែងការគួរសម និងជម្រាបលាថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនកម្ពុជា ខេត្តបាត់ដំបង ដែលនេះ គឺជាកាយវិកាមួយបង្ហាញនូវមនោសញ្ចេតនាស្រឡាញ់រាប់អាន ប្រកបដោយភាតរភាព និងជាការរឹតចំណងសាមគ្គីភាពដ៏រឹងមាំស្ថិតស្ថេរ យូរអង្វែងតទៅ។

លោក សុខ លូ អភិបាលខេត្ត ក៏បានរំលឹកថា ប្រទេសកម្ពុជា-វៀតណាម តែងតែមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នាទៅវិញទៅមក ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ លើគ្រប់កាលៈទេសៈ ឈរលើស្មារតីសាមគ្គី រួមគ្នាជាធ្លុងមួយតស៊ូប្រយុទ្ធប្រឈមនឹងបញ្ហា និងការលំបាកនានា ដើម្បីឯករាជ្យភាព សេរីភាព នៃប្រជាជនរបស់ខ្លួន។

ក្នុងឱកាសនោះ លោក ង្វៀន ថាញ់ វ៉ាន់ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ខេត្តបាត់ដំបង ពិសេសលោក សុខ លូ ដែលក្នុងអាណត្តិ លោក បានមកបំពេញបេសកកម្មក្នុងប្រទេសកម្ពុជា ក៏ដូចជានៅខេត្តបាត់ដំបង ទទួលបានការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធ ដែលជាមិត្តដ៏ល្អរវាងប្រទេសកម្ពុជា-វៀតណាម៕