Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិអប្សរា ធ្វើសម្រង់ប្លង់បង្កាន់ដៃនាគ ជុំវិញប្រាសាទអង្គរវត្ត

25-06-2025 17:59

(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា ធ្វើការងារសម្រង់ប្លង់បង្កាន់ដៃនាគ នៅខឿនជាន់ទី១ ជុំវិញប្រាសាទអង្គរវត្ត ដើម្បីសិក្សានូវចំណុចហានិភ័យ នៃរចនាសម្ពន្ធបង្កាន់ដៃនាគ មុននឹងឈានទៅដល់ការជួសជុលឱ្យរឹងមាំឡើងវិញ។

លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសផ្នែកអភិរក្សថ្ម បានឱ្យដឹងថា ការធ្វើសម្រង់ប្លង់បង្កាន់ដៃនាគ នៅខឿនជាន់ទី១នេះ មានប្រវែងសរុប៩៥០ម៉ែត្រ។ ការបំពេញការងារ រយៈពេល១២ខែមកនេះ សម្រេចលទ្ធផលបានប្រវែងជាង៤៥០ម៉ែត្រ។

កិច្ចការសម្រង់ប្លង់នេះ មានសារសំខាន់ដើម្បីសិក្សាពីស្ថានភាពហានិភ័យ នៃរចនាសម្ពន្ធសំណង់បង្កាន់ដៃនាគ ចំណុចដែលមានហានិភ័យខ្ពស់ ចំណុចធ្លាប់ជួសជុលសម័យមុនជាដើម។

ជាលទ្ធផលនៃការសិក្សាឃើញថា បង្កាន់ដៃនាគ និងខឿនជាន់ទី១ ជុំវិញប្រាសាទអង្គរវត្ត មានចំណុចមួយចំនួន ទទួលរងនូវហានិភ័យខ្ពស់ ដោយថ្មបង្កាន់ដៃនាគមិនមានលំនឹង និងខឿនស្រុតជាដើម។ ដោយសារតែកត្តាអាយុកាលនៃសំណង់ កត្តាធម្មជាតិ ទឹកហូរច្រោះ និងសត្វល្អិតជាដើម។

បន្ទាប់ពីធ្វើសម្រង់ប្លង់រួចរាល់ អាជ្ញាធរជាតិអប្សរា មានគម្រោងជួសជុលពង្រឹងបង្កាន់ដៃនាគនេះទៅតាមដំណាក់កាលជាបន្តទៀត។ អ្នកជំនាញរូបនេះ បញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២២-២០២៣ អាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងបង្កាន់ដៃនាគ និងខឿនជណ្ដើរ នៅទិសខាងត្បូងរបស់ប្រាសាទអង្គរវត្ត បានជោគជ័យរួចមកហើយ៕