Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវ២ខ្សែ ប្រវែងជាង១៦គីឡូម៉ែត្រ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

25-06-2025 17:46

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ លោកស្រី ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងលោក ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារថែទាំផ្លូវក្រាលល្បាយក្រួសជាលក្ខណៈខួប (ធានាសុពលភាពរយៈពេល ៦ខែ) លើខ្សែផ្លូវចំនួន ២ខ្សែ ប្រវែងសរុប ១៦,៥០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ និងសាងសង់លូមូល ២កន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ (ប្រើប្រាស់ថវិកាជំពូក ៦១)។

នាឱកាសនោះ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រួមនឹងមន្រ្តីជំនាញក៏បានរាយការណ៍ជូនគណៈប្រតិភូអន្តរក្រសួង ទទួលជ្រាបលើការងារថែទាំផ្លូវទាំង២ខ្សែនេះ ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានយកចិត្តទុកដាក់ និងខិតខំបំពេញការងារថែទាំជាប់ជាប្រចាំ ក្នុងនោះលើការងារបន្ថែមល្បាយក្រួស ការងារកៀរសម្រួលថែមល្បាយក្រួស ក៏ដូចជាការងារចាក់បំពេញដីតាមជើងទេផងដែរ។

ជាលទ្ធផលក្រោយពីបានចុះពិនិត្យជាក់ស្តែងតាមគម្រោងនីមួយៗរួចមក គណៈកម្មការអន្តរក្រសួងបានប្រជុំសម្រេចវាយតម្លៃបញ្ចប់សុពលភាពលើគម្រោង ដោយពិនិត្យឃើញថា សំណង់នៅរក្សាគុណភាព និងសោភ័ណភាពបានល្អត្រឹមត្រូវ ទៅតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យា ១០០ភាគរយ។

ស្ថិតក្នុងឱកាសនោះ លោកស្រី ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយ លើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ។

លោកស្រី គូសបញ្ជាក់ថា ផ្លូវមានសារៈសំខាន់ណាស់ ផ្លូវ គឺជាសរសៃឈាម ជំរុញ អន្តរកម្មទាំងផ្នែកសេដ្ឋកិច្ច និងសង្គម តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន និងប្រែក្លាយជនបទឱ្យទៅជាតំបន់ ដែលមានភាពរីកចម្រើន។

ទន្ទឹមគ្នានេះ លោកស្រី ក៏បានវាយតម្លៃខ្ពស់ និងបានកោតសរសើរ ដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ទាំងថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាមន្រ្តីបច្ចេកទេស ដែលបានយកចិត្តទុកដាក់ ក្នុងកិច្ចការងារស្ថាបនា ដោយរក្សាបាននូវគុណភាពល្អប្រសើរ ដែលជាផ្នែកមួយដ៏សំខាន់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមរក្សាគុណភាពផ្លូវ។

លោកស្រី ឯក គន្ធវារី ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមាននាទីទទួលបន្ទុកថែទាំបន្ដ សូមសហការណែនាំឱ្យប្រជាពលរដ្ឋ ចូលរួមក្នុងការថែទាំផ្លូវ និងលូ ឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព ត្រូវមានការយាមកាមយ៉ាងហ្មត់ចត់ ដើម្បីរក្សាគុណភាពផ្លូវអោយបានគង់វង្សយូរអង្វែង ហើយចាត់ទុកថាផ្លូវនេះ ជារបស់ពួកគាត់ ព្រមទាំងហាមដឹកជញ្ជូនទំនិញធន់ធ្ងន់លើសចំនួនកំណត់ដែលធ្វើឲ្យផ្លូវងាយរងគ្រោះផងដែរ៕