(ព្រៃវែង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់-ទទួលថវិកាវិភាគទាន អបអរសាទរខួប ១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»

ពិធីនេះស្ថិតក្រោមអធិបតីភាពលោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីលោកអនុប្រធានអចិន្រ្តៃយ៍ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខាខេត្ត  សភាពាណិជ្ជកម្ម លោកប្រធានសាខាគយ និងរដ្ឋាករ មន្ទីរ អង្គភាពជុំវិញខេត្ត សប្បុរសជន នាយកមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគ ហ៊ុនសែន ព្រៃវែង នាយិកាសាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុនសែន ព្រៃវែង ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាក្រុង-ស្រុក ទាំង១៣ និងមន្ត្រីប្រចាំការ សរុបអ្នកចូលរួមចំនួន ១៣៥នាក់ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងសប្បុរសជនគ្រប់មជ្ឍដ្ឋាន ដែលតែងតែឧបត្ថម្ភគាំទ្រ ចំពោះសកម្មភាពសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ក្នុងការងារបម្រើការងារមនុស្សធម៌ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ នៅក្នុងខេត្តព្រៃវែងនេះ។

លោកសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងសូមនាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ជូនចំពោះ លោក លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ និងសមាជិក សមាជិកា នៃអង្គពិធី ដែលមានវត្តមាន នាពេលនេះ។

ក្នុងនោះដែរ លោកបានលើកឡើងថាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបំពេញតួនាទីរបស់ខ្លួនស្របតាមគោលការណ៍គ្រឹះទាំងប្រាំពីរ៖ ភាពមនុស្សធម៌ ភាពមិនលអៀង អព្យាក្រិតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព សកលភាព និងបានអនុវត្តវិស័យអាទិភាពទាំងបួនរបស់កាកបាទក្រហមកម្ពុជា រួមមានៈ ១-ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តភ័យ និងការប្រែប្រួលអាកាសធាតុ ២-សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣-ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤-ការអភិវឌ្ឍន៍ស្ថាប័ន ត្រូវបានពង្រឹង ពង្រីក និងធ្វើការឆ្លើយតបប្រកបដោយលទ្ធផលជាវិជ្ជមាន ជាអាទិ៍៖ កាកបាទក្រហមកម្ពុជា សាខាខេត្ត និងអនុសាខាក្រុង-ស្រុក បានផ្តល់អំណោយជាស្បៀង និងសម្ភារៈ សរុបបានចំនួន ១,៣០០គ្រួសារ/នាក់ ក្នុងនោះ រងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ សរុបចំនួន ២៤៦គ្រួសារ/នាក់ និងការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ សរុបចំនួន ១,០៥៤គ្រួសារ/នាក់ អគារមត្តេយ្យសិក្សា ១ខ្នង ស្មើនឹង ៤បន្ទប់ បានប្រគល់ផ្ទះ  ៥៧ខ្នង(ទំហំ ៤ម៉ែត X ៦ម៉ែត) បង្គន់អនាម័យ ៤៦ កន្លែងលាងដៃ ៥ និងអណ្ដូងទឹក ២។
បញ្ជាក់៖ ចាប់ពីឆ្នាំ២០១៦ ដល់ ២០២៥ សាខាខេត្ត បានសាងសង់ផ្ទះបានចំនួន ២៦៧ខ្នងផ្ទះ និងបង្គន់អនាម័យ ចំនួន ២២៦បង្គន់។

លោកបន្តថា លទ្ធផលដែលសម្រេចបានក្នុងបេសកកម្មមនុស្សធម៌ ដូចបានជម្រាបជូនខាងលើនេះ គឺកើតឡើងដោយសារថ្នាក់ដឹកនាំដ៏ត្រឹមត្រូវ ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ក៍ដូចជាលោក អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សប្បុរសជននានា ក៍ដូចជាមានការជួយឧបត្ថម្ភគាំទ្រពីមន្ទីរអង្គភាព និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ផងដែរ។

សូមបញ្ជាក់ផងដែរថា ថវិកាដែលសប្បុរសជនបានជួយឧបត្ថម្ភ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដើម្បីអបអរខួបលើកទី១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥  សរុបចំនួន ៣៦៨,១៨៧.៥០ដុល្លារ ក្នុងនោះ អភិសន្តិបណ្ឌិត ស សុខា ប្រធានកិតិ្តយសសាខាខេត្តចំនួន ៣០០,០០០ដុល្លារ និងសប្បុរសជន មន្ទីរអង្គភាព អនុសាខាក្រុង-ស្រុក ចំនួន ៦៨,១៨៧.៥០ដុល្លារ៕