(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានថ្លែងសុំការយោគយល់ និងអធ្យាស្រ័យដល់អតីតយុទ្ធជនទាំងអស់ ចំពោះការខ្វះខាតមួយចំនួនក្នុងការផ្តល់សេវាផ្សេងៗនាពេលកន្លងទៅ។
ការថ្លែងសុំការយោគយល់ និងអធ្យាស្រ័យនេះ បានធ្វើឡើងក្នុងពេលដែលនាយឧត្តមសេនីយ៍ គន់ គីម ចុះជួបសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជន ៤០០នាក់ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា ដោយសារតែការជាប់រវល់ជាមួយកិច្ចការនៅតាមបន្ទាត់ព្រំដែននាពេលកន្លងទៅបានធ្វើឲ្យការ ងារជួយដោះស្រាយបញ្ហារបស់អតីតយុទ្ធជនមិនបានដិតដល់។ លោក គន់ គីម ថា ពេលនេះការងារព្រំដែនបានធូរស្រាលហើយ ដូច្នេះ លោកនឹងប្រឹងប្រឹងយកចិត្តទុកដាក់លើបញ្ហារបស់អតីតយុទ្ធជនមិនឲ្យការលំបាកទៀតនោះឡើយ។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ដូច្នេះ «ក្រោយពីបានទទួលកិច្ចការសមាគម ខ្ញុំជាប់រវល់នៅព្រំដែន ទើបតែពេលនេះសភាពការណ៍បានធូស្រាល ខ្ញុំបានមកក្រោយវិញ ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ឲ្យខ្ញុំចុះជួបស្វែងយល់ពីសុខទុក្ខរបស់បងប្អូនយើងនៅតាមមូលដ្ឋានគ្រប់ខេត្តក្រុងទូទាំងប្រទេស ដើម្បីក្តាប់បានពីកង្វះខាត សំណូមពរនានា និងត្រូវធ្វើការងារដោះស្រាយ។ បញ្ហានេះបង្ហាញឲ្យឃើញថា សម្តេចតេជោ តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះបងប្អូនអតីតយុទ្ធជន ដែលកន្លងមកមានគុណបំណាច់ធំធេងក្នុងការបម្រើជាតិ និងប្រជាជន»។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានសន្យានឹងប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្ត ដើម្បីដោះស្រាយបញ្ហា និងជួយឲ្យជីវភាពរបស់អតីតយុទ្ធជនមានភាពល្អប្រសើរឡើង។ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងសន្យាដូច្នេះ «ចាប់ពីពេលនេះតទៅសូមបងប្អូនយើងមានការនឹងនចិត្ត សមាគមនឹងខិតខំជួយដោះស្រាយការលំបាករបស់បងប្អូន តាមសភាពជាក់ស្តែងចំពោះមុខ ដោយចាប់ផ្តើមពីអ្នកទីទ័លក្រមុន និងសូមឲ្យលោកមេប៉ុស្តិ៍ត្រូវក្តាប់ជាប់សមាជិកនៅមូលដ្ឋានខ្លួន នឹងជួយគាត់ពេលមានធុរៈ»។
អតីតយុទ្ធជន ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនចាត់ទុកថា ជាអ្នកមានគុណបំណាចដ៏ធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ ជាពិសេសពួកគេបានប្រឹងប្រែងអស់កម្លាំងចិត្ត រហូតហ៊ានពលីដល់អាយុជីវិតក៏មាន ដើម្បីនាំមកនូវសុខសន្តិភាពនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន តែងបានផ្តោតការយកចិត្តទុកដាក់ដល់សុខទុក្ខរបស់អតីតយុទ្ធជន និងតែងបានអំពាវនាវសម្បុរសជននានា ជួយគាំទ្រដល់សកម្មភាពរបស់សមាគមអតីតយុទ្ធជន ដើម្បីជួយដល់ការរស់នៅរបស់អតីតយុទ្ធជនឲ្យមានភាពល្អប្រសើរ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ គន់ គីម ជាអគ្គលេខាធិការតែងបានធ្វើដំណើរចុះទៅគ្រប់ខេត្ត និងបណ្តាស្រុកផងដែរ ដើម្បីជួបដោយផ្ទាល់ជាមួយអតីតយុទ្ធជន និងបានស្តាប់នូវរាល់ទុក្ខលំបាក ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ មានលំនៅឋានជាច្រើនត្រូវបានសាងសង់ជូនអតីតយុទ្ធជន និងក្រុមគ្រួសារ ដែលកំពុងជួបការលំបាក ហើយក៏មានការឧបត្ថម្ភថវិកាសម្រាប់ដោះស្រាយបញ្ហាក្នុងជីវភាពផងដែរ។
គ្រប់ពេលចុះជួបសំណេះសំណាលជាមួយអតីតយុទ្ធជន នាយឧត្តមសេនីយ៍ គន់ គីម តែងបានក្រើនរំលឹក និងដាស់តឿនដល់កងកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅការរស់នៅរបស់អតីតយុទ្ធជន ហើយត្រូវដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលាផងដែរ៕