(កណ្ដាល)៖ ប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនផានអ៊ីមិច ក្នុងស្រុកពញាឮ បានទទូចស្នើសុំអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសារពួកគាត់មិនទុកចិត្ត នឹងចំណាត់ការរបស់រដ្ឋបាលខេត្តកណ្ដាល ព្រោះមន្រ្តីមួយចំនួន បានឃុបឃិតជាមួយក្រុមហ៊ុន។
ពលរដ្ឋបានអះអាងថា ពួកគាត់នៅតែមានការព្រួយបារម្ភ ចំពោះមន្រ្ដីមួយចំនួន ដែលចង់ធ្វើការកែប្រែប័ណ្ណដីធ្លី និងប្ដូរឈ្មោះទីតាំងដីរបស់ពួកគាត់ពី ភូមិទួលអំពិល ប្ដូរដាក់ភូមិពញាឮវិញ។
បើតាមលោក ជាម សាវឿន ជាប្រជាពលរដ្ឋពាក់ព័ន្ធនឹងទំនាស់ដែរនោះ បានលើកឡើងថា «ក្រុមហ៊ុនផានអ៊ីមិច របស់លោកស្រី ស៊ុយ សុផាន ពិតជាបានទិញដីខ្លះ នៅស្រុកពញាឮមែន តែមិនបានទិញទាំងអស់ទេ គឺទិញបានដីចោះៗប្រហែលជា ៥ហិចតា តែប៉ុណ្ណោះ, ហេតុអ្វីបានជាភាគីខាងក្រុមហ៊ុនរំលោភយកដីចំនួន ៦៣ហិចតា នេះតទៀត»។
តាមប្រជាពលរដ្ឋជាង១០០គ្រួសារ ខាងលើ បានបញ្ជាក់ថា លោក ប៉ាវ ផល្លា អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្ដាល បានស្នើទៅសាលាដំបូងខេត្ដកណ្ដាល ដើម្បីការសុំបញ្ជាក់ និងនីតិវិធីនៃ ការស្នើសុំប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន ១៤ប័ណ្ណ ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្ដកណ្ដាល។
ពួកគាត់បានបន្តថា ដីស្រែទំហំ ៦៣ហិចតា របស់ពួកគាត់ ត្រូវបានក្រុមហ៊ុនផានអ៊ីមិច ប្រើគ្រប់វិធីដើម្បីដណ្ដើមយកជាយូរមកហើយ ហើយពេលនេះ មានមន្ដ្រីមួយចំនួន បានចូលដៃជើងជាមួយលោកស្រី ស៊ុយ សុផាន ក្នុងការការប្ដូរប្រភេទដីខាងលើ ជាហេតុធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញទៅៗ ដែលធ្វើឲ្យពួកគាត់បាត់នូវទំនុកចិត្ដ ចំពោះមន្ដី្រពាក់ព័ន្ធទាំងនោះ ព្រោះមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន។
ប្រជាពលរដ្ឋខាងលើ បានបន្ថែមថា «ពួកខ្ញុំមានឯកសារយោងទាំងអស់ហើយ តើខាងតុលាការនឹងកាត់សេចក្ដីយ៉ាងណា ដើម្បីរកយុត្ដិធម៌មកឲ្យពួកខ្ញុំ ដែលជាម្ចាស់ដីនៅភូមិពញាឮ ពិតប្រាកដនោះ ព្រោះកន្លងមក ដីនេះ មានជំលោះជាមួយក្រុមហ៊ុនដ៏រាំរៃមកហើយ តែខាងមន្ត្រីដូចជានៅស្ងៀមត្រឹង មិនព្រមដោះស្រាយឲ្យសោះ»។
មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋទាំងនោះ បានត្អូញត្អែរថា ពួកគាត់ជាកសិករ មានឯកសារយោង ប្រកាសពីការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី សម័យឆ្នាំ១៩៨៩ ក្នុងតារាង០១ ក រួចស្រាប់ និងបានទទូចស្នើឲ្យមានការជួយអន្ដរាគមន៍ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាល សម្ដេចតេជោ តែងតែមានការយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ គ្រប់ពេលវេលា។
សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា កន្លងទៅ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានបង្ហើបដែរថា លោកក៏ធ្លាប់ចាញ់បោកលោកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផាអ៊ីមិច អស់ជាច្រើនលើកមកហើយ ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះ ហើយលោកទេសរដ្ឋមន្រ្តី បានព្រមានចាត់វិធានការក្ដៅលើក្រុមហ៊ុនដែលរុំរឹតទៅដោយ «ទំនាស់ដីធ្លីជាង១០០ករណី» ក្នុងពេលឆាប់ៗ ខាងមុខ៕