(តាកែវ)៖ ក្រោយពីបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នៅទីបំផុត កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងនគរបាលស្រុកព្រៃកប្បាស បានតាមចាប់ខ្លួន ជនសង្ស័យ៤នាក់ ក្នុងចំណោម៦នាក់ ដែលបានចូលលួចសម្ភារនៅការិយាល័យចុះឈ្មោះបោះឆ្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស កាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ។
អធិការនគរបាលស្រុកព្រៃកប្បាស លោក ជុំ ឈឿន បានថ្លែងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ប៉ុន្ដែមិនបានដកហូតសម្ភារដែលពួកគេបានលួចទៅនោះ ត្រឡប់មកវិញឡើយ។
ជនសង្ស័យទាំង៤នាក់ ទី១-ឈ្មោះ ស៊ុយ ភាព អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃល្វាលិច ឃុំព្រៃល្វា ទី២-ឈ្មោះ ផាប់ ផាយុ អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃល្វាលិច ទី៣-ឈ្មោះ សៀក វណ្ណៈ ហៅកំសៀវ អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃល្វាលិច និងទី៤-ឈ្មោះ ម៉ិច សិនឡាន អាយុ១៤ឆ្នាំ រស់នៅភូមិព្រៃល្វាកើត។
លោកអធិការស្រុកព្រៃកប្បាស បានបញ្ជាក់ថា ក្រោយពេលចាប់ខ្លួនបាន ជនសង្ស័យទាំងនេះខ្លះថាមានបក្ខពួក៦នាក់ និងខ្លះទៀតថា មានដល់៧នាក់ ហើយក្រោយពួកគេលួចសម្ភារទាំងនោះ បានយកទៅលក់ឲ្យអាជីវករនៅផ្សារសៃវ៉ា ប៉ុន្ដែនៅពេលសមត្ថកិច្ចទៅសួរអាជីវកររូបនោះ គាត់ប្រាប់ថា មិនបានទទួលទិញនោះឡើយ មិនដឹងពួកគេយកទៅលក់នៅឯណាទៀតនោះទេ។
សូមបញ្ជាក់ថា ការិយាល័យចុះឈ្មោះបោះឆ្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានក្រុមចោរចូលលួច សម្ភារអស់ជាច្រើន នៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
មន្ដ្រីនគរបាល ស្រុកព្រៃកប្បាស បានឲ្យដឹងថា សម្ភារដែលបាត់បង់រួមមាន ម៉ូនីទ័រកុំព្យូទ័រ១, ម៉ាស៊ីនស្កែនខ្ចៅដៃ១, អាគុយផ្ទុកថាមពល១, ឌុយសាកថ្មកុំព្យូទ័រ១, ម៉ូឌឹម (អ៊ិនធើណេត)១, កាមេរ៉ា១, ម៉ៅកុំព្យូទ័រ១, ផ្លាស់១, ទ្រនាប់ម៉ៅ១ និងខ្សែ Network ១ឈុត។
នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នគរបាលស្រុកព្រៃកប្បាស បាននាំជនសង្ស័យទាំងនេះ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តទៀត៕